ស្ត្រីជាសន្តិសុខម្នាក់ជិះម៉ូតូឆ្លងផ្លូវទៅធ្វើការត្រូវរថយន្តលុចស៊ីបុកស្លាប់មួយរំពេចនៅនឹងកន្លែង

btshotnews
ភ្នំពេញ: គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តលុចស៊ីសបើកបរលឿនជ្រុលទៅបុកម៉ូតូស្ត្រីជាសន្តិសុខផ្សារទំនើបអ៊ីអនជិះឆ្លងផ្លូវពេញទំហឹងបណ្ដាលអោយស្លាប់មួយរំពេចនៅនិងកន្លែងកើតហេតុ។

ហេតុការណ៍ភ្ញាក់ផ្អើលបានកើតឡើងកាលវេលាម៉ោ៧ព្រឹកថ្ងៃទី០៧ខែកុម្ភៈឆ្នាំ២០២៤ស្ថិតនៅ តាមបណ្ដោយផ្លូវ ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សពស្ត្រីរងគ្រោះមានឈ្មោះ ភឿន សុភណ័្ឌ អាយុ៣៥ឆ្នាំ មុខរបរសន្តិសុខផ្សារទំនើបអុីអន៣ ស្នាក់នៅបន្ទប់ជួល សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ មានស្រុកកំណើត ស្រុកគិរីវង់ ខេត្តតាកែវ។

តាមប្រភពព័ត៌មានកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុ នារីរងគ្រោះបានជិះម៉ូតូចេញពីផ្លូវលំឆ្លងផ្លូវ៦០ម៉ែត្រស្របពេលក៏មានរថយន្ត lexus rx 300 ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2R-1842បើកបរដោយបុរសម្នាក់តាមបណ្ដោយផ្លូវ ៦០ម៉ែត្រទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿនបានជ្រុលបុកម៉ូតូពេញទំហឹងបណ្ដាលអោយស្រ្តីខ្ទាតជាច្រើនម៉ែត្រស្លាប់ភ្លាមៗ ក្រោយរថយន្តបង្កបានបើកបត់ត្រឡប់ក្រោយរត់គេច ត្រូវបានសមត្ថកិច្ចគោលដៅបើករថយន្តឆ្លងកាត់ឃើញដេញរថយន្តបង្ករហូតទៅដល់វត្តគោកអំពិលផ្លូវ៥០ម៉ែត្រទើបកម្លាំងសមត្ថកិច្ចឃាត់រថយន្តនឹងអ្នកបើបរបាន។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋាន ប្រគល់រថយន្តបង្កនិងអ្នកបើកបរព្រមទាំងម៉ូតូជនរងគ្រោះទៅអោយការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញចាត់ការបន្តទៅតាមនីតិវិធីច្បាប់ ចំណែកសពធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យបុណ្យទៅតាមប្រពៃណី៕