មន្ត្រីជាន់ខ្ពស់នៃក្រសួងកសិកម្ម វាយតម្លៃខ្ពស់លទ្ធ​ផលការងារឆ្នាំ២០២៣ របស់មន្ទីរកសិកម្ម​ខេត្ត​មណ្ឌលគិរី

btshotnews
មណ្ឌលគិរី ៖ ឯកឧត្តម អ៊ួង កុសល រដ្ឋលេ​ខាធិកា​រនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន អញ្ជើញជាអធិបតី ក្នុងពិធីបិទកិច្ចប្រជុំត្រួត​ពិនិត្យលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិស​ដៅសម្រាប់អនុវត្តន៍បន្តឆ្នាំ២០២៤ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯក​ឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ត​ម ថង សាវុន អភិបាលខេត្ត ឯកឧត្តម ព្រះរាជ​អាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត ឯកឧត្តម ប្រធានសាលាដំបូងខេត្ត កងម្លាំងប្រដាប់អាវុធទាំងបី រួមទាំងថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ អភិបាលក្រុង/ស្រុក តំណាងអង្កការដៃគូ និងមន្រ្តីនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តជាច្រើនរូប ដែលប្រព្រឹត្តទៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី នារសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤។

ឯកឧត្តម អ៊ួង កុសល រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសំដែងនូវការអបអរសាទរ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង ក្នុងការអនុវត្តការងាររបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានខិតខំប្រឹងប្រែង និងចូលរួមយ៉ាងសកម្មក្នុងការអនុវត្តការងារបានយ៉ាងល្អប្រសើរនៅក្នុងរយៈពេលកន្លងមក និងសំណូមពរ សូមឲ្យបន្តខិតខំប្រឹងប្រែងអនុវត្តការងារឲ្យបានកាន់តែល្អប្រសើរឡើងបន្ថែមទៀត។

ឯកឧត្តម ថង សាវុន អភិបាលខេត្ត មានប្រសាសន៍ថា កិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅសម្រាប់អនុវត្តន៍បន្តឆ្នាំ២០២៤ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តនាពេលនេះ ពិតជាមានសារៈសំខាន់ណាស់ គឺបានសបញ្ជាក់ឲ្យឃើញកាន់តែច្បាស់អំពីការយកចិត្តទុកដាក់ និងគិតគូខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចំពោះមន្រ្តីរាជការក្រោមឱវាទដែលកត្តាជម្រុញលើកទឹកចិត្ត និងផ្តល់នូវភាពកក់ក្តៅដល់មន្រ្តីរាជការក្នុងការអនុវត្តការងារបានកាន់តែប្រសើរឡើងថែមទៀត។ ឯកឧត្តម បញ្ជាក់ថា វិស័យកសិកម្ម គឺជាវិស័យ មួយដ៏ចម្បងសម្រាប់ប្រជាពលរដ្ឋនៅក្នុងខេត្តមណ្ឌលគិរី ដែលបច្ចុប្បន្នមានប្រជាពលរដ្ឋប្រមាណជា ៨០% កំពុងប្រកបរបរកសិកម្ម។ ដូចនេះ វិស័យកសិកម្ម នៅក្នុងខេត្តមណ្ឌលគិរី គឺត្រូវបានយកចិត្តទុកដាក់ ព្រោះថាប្រជាពលរដ្ឋភាគច្រើននៅក្នុងខេត្ត គឺពឹងផ្អែកទាំងស្រុងទៅលើវិស័យកសិកម្មនេះ ក្នុងការលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរឡើងថែមទៀត។

លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានឲ្យដឹងថា ជាលទ្ធផលបញ្ចប់ការងារដាំដុះដំណាំក្នុងឆ្នាំ២០២៣កន្លងទៅ មានដូចជា ដំណាំស្រូវអនុវត្ត បានសរុបចំនួន ៣២ ៦៥៨ ហិកតា ស្មើនឹង១២៥,០៨% នៃផែនការឆ្នាំ ដំណាំសាកវប្បកម្មអនុវត្ត បានសរុបចំនួន ២ ៣៤៧ហិកតា ដំណាំឧស្សាហកម្ម អនុវត្តបានសរុបចំនួន ៤១ ៦១២ ហិកតា ។

ផ្អែកតាមតុល្យភាពស្បៀងបានបញ្ជាក់ឱ្យឃើញថាឆ្នាំនេះ ទូទាំងខេត្តសល់ស្រូវចំនួន ៧០ ០៩២ តោន លើសឆ្នាំមុនចំនួន ១១ ១៤០តោន។ ដោយឡែកតម្លៃកសិផលមួយចំនួននៅក្នុងឆ្នាំនេះ មានតម្លៃល្អ ដូចជា៖ តម្លៃស្រូវ ដំឡូងមី ស្វាយចន្ទី កាហ្វេ ជាដើម៕