សមត្ថកិច្ចខេត្តកំពង់ស្ពឺ បើកយុទ្ធនាការរឹតបន្តឹងច្បាប់ចរាចរណ៍ត្រួតពិនិត្យអ្នកបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង គ្រឿងញៀន និងអាវុធជាតិផ្ទុះ

btshotnews
ខេត្តកំពង់ស្ពឺ៖លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបាននិយាយថា កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបើកយុទ្ធនាការរឹតបន្តឹងច្បាប់ចរាចរណ៍ ត្រួតពិនិត្យអ្នកបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង នៅតាមគោលដៅច្រើនកន្លែងប្រយោជន៍ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍និងអត្រាអ្នកស្លាប់ដែលបង្កឡើងពីការសេពគ្រឿងស្រវឹង នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤។

លោកឧត្តមសេនីយ៍ទោ សម សាមួន បានឱ្យដឹងថា កម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានចេញយុទ្ធនាការរឹតបន្ដឹងច្បាប់ត្រួតពិនិត្យជាតិអាល់កុល ក្នុងភូមិសាស្ដ្រខេត្តជាប្រចាំ ដោយគ្មានការលើកលែងចំពោះបុគ្គលណាម្នាក់នោះឡើយ ហើយគឺចាប់ផ្ដើមពីដើមខែកុម្ភៈនេះតទៅ។ជាមួយនិងយុទ្ធនាការនេះដែរ កម្លាំងជំនាញក៌បានបន្ថែមលើការត្រួតពិនិត្យឆែកឆេរលើករណីគ្រឿងញៀន ការចរាចរណ៌អាវុធជាតិផ្ទុះនិងសកម្មភាពក្មេងទំនើងផងដែរ។  

លោកក៏បានបញ្ជាក់បន្ថែមថាយុទ្ធនាការរឹតបន្ដឹងច្បាប់ត្រួតពិនិត្យជាតិអាល់កុលនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តបតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍និងបង្ការកុំឱ្យមានអ្នកស្លាប់ និងរបួសដោយសារការសេពនៃគ្រឿងស្រវឹង។

លោកស្នងការបានបញ្ជាក់ថា យុទ្ធនាការរឹតបន្តឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកនិងត្រួតពិនិត្យជាតិស្រវឹងនៅយប់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ សមត្ថកិច្ចបានរកឃើញអ្នកបើកបរមានជាតិស្រវឹងសរុបចំនួន៤០នាក់ក្នុងនោះអ្នកបើកបររថយន្តចំនួន២៥នាក់ អ្នកបើកបរម៉ូតូ១៥នាក់។ចំពោះអ្នកដែលបានរកឃើញនេះគឺមានកម្រិតជាតិអាល់កុលចាប់ពី០,២៥ ទៅ ០,៣៩ ។ចំពោះអ្នកដែលរកឃើញនេះដែរ សមត្ថកិច្ចបានធ្វើការឃាត់ទុកនៅហ្នឹងកន្លែងដើម្បីធ្វើការអប់រំនិងមិនឱ្យបន្តដំណើរនោះទេ ដោយទុកឱ្យពួកគាត់រងចាំរហូតដល់សាបសារធាតុស្រវឹងឬមានអ្នកមកទទួលទើបឱ្យបន្តដំណើរទៅបាន។

ជាមួយនោះដែរលោកឧត្តមសេនីយ៍ទោ សម សាមួន ក៏បានបញ្ជាក់បន្ថែមទៀតផងដែរថា ក្នុងករណីដែលកម្លាំងជំនាញរកឃើញថាមានកម្រិតជាតិអាល់កុលខ្ពស់លើសពីកម្រិតណែនាំ កម្លាំងជំនាញត្រូវតែធ្វើការផាកពិន័យដោយមិនលើកលែងទេ ហើយបើសិនជាស្រវឹងបើកបរឈានដល់ការប៉ះពារឬបង្កឱ្យមានអ្នករងរបួសឬស្លាប់ត្រូវតែបញ្ជូនទៅតុលាការដើម្បីអនុវត្តទោសតាមច្បាប់។

ហើយបច្ចុប្បន្ននេះក្រុមការងារចុះយុទ្ធនាការត្រួតពិនិត្យ ឆែកឆេរមានរហូតដល់ទៅ១០គោលដៅនៅទូទាំងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ដោយប្រើប្រាស់កម្លាំងជំនាញចរាចរណ៍ កម្លាំងជំនាញគ្រឿងញៀន និងកម្លាំងអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ៕