ឯកឧត្តម ម៉ៅ សុផាន់ អញ្ជើញជាអធិបតីភាព ក្នុងពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅមណ្ឌលបោះឆ្នោតភូមិភាគទី៨ ខេត្តព្រះវិហារ
btshotnews
ខេត្តព្រះវិហារ÷ជាថ្ងៃនៃការបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥នេះ គណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ នាព្រឹកថ្ងៃទី១០ខែកុម្ភ:ឆ្នាំ២០២៤នេះ បានប្រារព្ធពិធីបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅមណ្ឌលបោះឆ្នោតភូមិភាគទី៨ ខេត្តព្រះវិហារ ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ សុផាន់ សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះវិហារ និងឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ ដោយមានការចូលរួមពី សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដែលជាអង្គបោះឆ្នោត សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា សរុបចំនួនជាង៥០០នាក់។
ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ បានរាយការណ៍សង្ខេបអំពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ របស់គណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងផែនការសកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តទី៥ ឆ្នាំ២០២៤ របស់គណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ។
ជាមួយគ្នានេះ ឯកឧត្តម ឡុង សុវណ្ណ អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តព្រះវិហារ បានអានសេចក្តីសម្រេចចិត្ត ស្តីពីការប្រកាសទទួលស្គាល់ជាផ្លូវការការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ របស់គណបក្សប្រជាជនកម្ពុជា ប្រចាំភូមិភាគទី៨ ខេត្តព្រះវិហារ ដែលមាន ឯកឧត្តម យស ផានីត្តា ជាបេក្ខជនពេញសិទ្ធ និងលោកជំទាវ ចឹក ហេង ជាបេក្ខជនបម្រុង។
ថ្លែងក្នុងឱកាសនេះ ឯកឧត្តម ម៉ៅ សុផាន់ បាននាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចអនុប្រធានគណបក្ស និងសូមវាយតម្លៃខ្ពស់ចំពោះសមាជិកនៃក្រុមប្រឹក្សាឃុំ-សង្កាត់ក្នុងតំណែងនៅទូទាំងខេត្តព្រះវិហារ ដែលបានយកអស់កម្លាំងកាយកម្លាំងចិត្តក្នុងការបំពេញភារកិច្ចបម្រើប្រជាជន។
ឯកឧត្តម បានបន្ថែមថា តាមរយៈលទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក៏ដូចជាការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ឆ្នាំ២០២៣ កន្លងទៅ បាន ស បញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថា ប្រជាពលរដ្ឋនៅតែត្រូវការតួនាទីដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា។
ទន្ទឹមនិងនេះ ទោះបីជាការបោះឆ្នោតជ្រើសរើសសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ជាការបោះឆ្នោតអសកលក៏ពិតមែន ក៏ប៉ុន្តែគឺជាព្រឹត្តិការណ៍នយោបាយប្រវត្តិសាស្រ្ត ដ៏មានសារៈសំខាន់នៃព្រះរាជាណាចក្រកម្ពុជា ព្រោះថា អ្នកតំណាងរាស្ត្រ និងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលជាអ្នកបោះឆ្នោតផ្ទាល់ គឺជាអ្នកតំណាងដ៏ឧត្តុង្គឧត្តមរបស់ប្រជាជនដែលបានកើតចេញពីឆន្ទៈរបស់ប្រជាជន។
តាងនាមឲ្យគណៈអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការកណ្ដាលបក្ស ឯកឧត្តម ម៉ៅ សុផាន់ បានអំពាវនាវដល់ក្រុមការងារគណបក្សចុះមូលដ្ឋានក្រុង-ស្រុក ខេត្តព្រះវិហារ គណៈកម្មាធិការគណបក្សខេត្ត សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ជាអង្គបោះឆ្នោត សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា សូមចូលរួមក្នុងយុទ្ធនាការឃោសនានេះឲ្យបានសកម្មបំផុត ដើម្បីបង្ហាញអំពីសាមគ្គីភាព ឯកភាពផ្ទៃក្នុងដ៏រឹងមាំរបស់បក្ស ដោយត្រូវប្រកាន់ខ្ជាប់ភាពថ្លៃថ្នូរ និងសីលធម៌ ដ៏ល្អប្រសើរ៕