បុរសម្នាក់រងរបួសធ្ងន់បន្ទាប់ពីជនសង្ស័យកាប់មួយដាវដើម្បីបញ្ចប់គំនុំ នៅស្រុកបសេដ្ឋ

បុរសម្នាក់រងរបួសធ្ងន់បន្ទាប់ពីជនសង្ស័យកាប់មួយដាវដើម្បីបញ្ចប់គំនុំ នៅស្រុកបសេដ្ឋ
btshotnews
ខេត្តកំពង់ស្ពឺ៖បុរសម្នាក់រងរបួសធ្ងន់ដេរចំនួន១២ថ្នេរបន្ទាប់ពីជនសង្ស័យយកដាវកែឆ្នៃកាប់ នៅចំណុចភូមិត្រពាំងផុង ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង៧យប់ថ្ងៃទី១០ខែកុម្ភៈឆ្នាំ២០២៤។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាអំពើហិង្សាដោយចេតនា (ប្រើដាវកែឆ្នៃ)បង្កដោយជនសង្ស័យឈ្មោះញ៉ាញ ចាន់ចាវ ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ បានធ្វើសកម្មភាពប្រើដាវកែច្នៃ។

កាប់ទៅលើជនរងគ្រោឈ្មោះឡាយ រ៉ន ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅក្នុងភូមិឃុំជាមួយគ្នា កាប់ចំនួន១ដាវ ត្រូវចំផ្នែកឆ្អឹងជំនីខាងធ្វេង បណ្ដាលឲ្យរងរបួសជាទម្ងន់ ដេរចំនួន១២ថ្នេរ ។

ជនរងគ្រោះឈ្មោះឡាយ រ៉ន ត្រូវបានបងប្អូនសាច់ញាតិបញ្ជូនទៅព្យាបាលនៅពេទ្យឯកជនមួយកន្លែង ក្នុងឃុំបសេដ្ឋ ។

សមត្ថកិច្ចបានបន្តទៀតថា បន្ទាប់ពីទទួលបានព័ត៌មានខាងលើ កម្លាំងជំនាញព្រហ្ម ទណ្ឌស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបសេដ្ឋ ចុះទៅដល់កន្លែងកើតហេតុ។

ព្រមទាំងបានឃាត់ខ្លួនជនសង្ស័យឈ្មោះញ៉ាញ ចាន់ចាវ យកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ បើតាមចម្លើយរបស់ជនសង្ស័យឈ្មោះញ៉ាញ ចាន់ចាវ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពប្រើដាវកែឆ្នៃកាប់ទៅលើជនរងគ្រោះឈ្មោះឡាយ រ៉ន ប្រាកដមែន មូលហេតុជនសង្ស័យឈ្មោះញ៉ាញ ចាន់ចាវ មានគំនុំជាមួយជនរងគ្រោះ ។

ទើបនៅថ្ងៃកើតហេតុ ជនសង្ស័យឃើញជនរងគ្រោះឈ្មោះឡាយ រ៉ន មកជួយរកស៊ីមដែលខ្លួនកំពុងតែបាត់នៅចំណុចកើតហេតុខាងលើ ក៏បានធ្វើសកម្មភាពកាប់ជនរងគ្រោះបណ្ដាលឲ្យរងរបួសតែម្ដង ។

កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យខាងលើ យកមកអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ បណ្ដោះអាសន្ន និងកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរខេត្តកំពង់ស្ពឺ ចាត់ការតាមនីតិវិធី៕