ភ្ញៀវទេសចរមកពីតាមបណ្តាខេត្តពោលសរសើរពីភាពស្រស់ស្អាតនៃរមណីយ៍ដ្ឋានទឹកធ្លាក់ភ្នំខៀវ ខណ:ចូលឆ្នាំចិនឆ្នាំ២០២៤នេះ ទទួលបានភ្ញៀវទេសចរច្រើនជាងគេ បើប្រៀបធៀបរមណីយ៍ដ្ឋាននានាក្នុងខេត្តប៉ៃលិន

btshotnews
ខេត្តប៉ៃលិន ៖ គេសង្កេតឃើញភ្ញៀវទេសចរណ៍ដែលធ្វើដំណើរមកពីតាមបណ្តាខេត្តនានា ដូច ជាខេត្តបាត់ដំបង បន្ទាយមានជ័យ ពោធិ៍សាត់ រហូតដល់រាជធានីភ្នំពេញ ពេលជួបជាមួយភ្នាក់ងារសារ ព័ត៌មានពួកគាត់ម្នាក់ៗ ពោលសរសើរទេសភាពរមណីយដ្ឋានធម្មជាតិ ទឹកធ្លាក់ភ្នំខៀវថា មានទេសភាព ស្រស់ស្អាតជាងគេ នៅទូទាំងខេត្តប៉ៃលិន ជាពិសេសមានទឹកជ្រោះច្រើនជាន់ អំណោយផលឱ្យពួកគាត់ អាចនាំគ្នាចុះទៅងូតលេងយ៉ាងត្រជាក់កាយសប្បាយចិត្ត ជាពិសេសនាឱកាសបុណ្យចូលឆ្នាំចិន ឆ្នាំ២០២៤នេះតែម្តង។

ទោះបីជាភ្ញៀវទេសចរទាំងនោះ បានចូលមកទស្សនា និងដើរលេងកំសាន្ត នៅតាមរមណីយដ្ឋាននានាក្នុងខេត្តប៉ៃលិន ដូចជារមណីយដ្ឋានម្លប់សាវម៉ាវ រមណីយដ្ឋានចំការខ្នុរ រមណីយដ្ឋាន ស្ទឹងត្រជាក់ចិត្ត ព្រមទាំងរមណីយដ្ឋានមួយចំនួនដែលទើបនឹងបង្កើតថ្មីក៏ដោយ គឺរមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវ ទទួលបានភ្ញៀវទេសចរច្រើនជាងគេ ខណ:ដែលអាជ្ញាធរខេត្តប៉ៃលិន បានធ្វើការរៀបចំតប់តែងយ៉ាងស្រស់ស្អាតគួរឱ្យកោតសរសើរ ទើបធ្វើឱ្យរមណីយដ្ឋានមួយនេះប្រែក្លាយទៅជាកន្លែងដ៍ទាក់ទាញបំផុត និងមានភាពស្រស់ត្រកាលគួរឱ្យចង់គយគន់ ព្រោះមានអំណោយផលធម្មជាតិដើមឈើដុះត្រឈឹងត្រឈៃនៅសងខាងផ្លូវ និងជុំវិញកន្លែងកម្សាន្តតែម្តង ។

បើតាមការរៀបរាប់ពីភ្ញៀវទេសចរ ឈ្មោះ សុខ ណាវី ភេទស្រី អាយុ២៨ឆ្នាំ និង ឈ្មោះ កែវ រចនា ភេទស្រី អាយុ២៥ឆ្នាំ មកពីខេត្តបាត់ដំបង បានឱ្យភ្នាក់ងារយើងដឹងថា ៖ ក្រោយពេលសែនចិនថ្ងៃដំបូងរួច ពួកគាត់ក៏បានបបួលបងប្អូនមិត្តភក្តិ នាំគ្នាបើករថយន្តចូលមកលេងទឹកដីខេត្តប៉ៃលិន ព្រោះ ខានចូលមកលេងជាច្រើនមកហើយដែរ ខណ:ពេលដែលពួកគាត់ភាគច្រើនគឺនាំគ្នាទៅលេងតាមតំបន់ សមុទ្រ។ តែពេលមកលេងកម្សាន្តនៅរមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវនេះភ្លាម កត់សម្គាល់ឃើញថា ខេត្តប៉ៃលិន រមណីយដ្ឋានធម្មជាតិទឹកធ្លាក់ភ្នំខៀវពិតជាស្រស់ស្អាត ដោយមានទឹកជ្រោះហូរពីលើមកយ៉ាង ថ្លាឈ្វេង ដែលធ្វើឱ្យពួកគាត់មិនអាចសម្ងំនៅស្ងៀម គឺក្រោយពេលទទួលទានអាហារថ្ងៃត្រង់រួច ក៏នាំគ្នា ចុះងូតលេង ធ្វើឱ្យត្រជាក់កាយសម្បាយចិត្ត។

ពួកគាត់បន្តទៀតថា នៅពេលក្រោយៗទៀត នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ ពួកគាត់នឹងបបួលបងប្អូនមិត្តភក្តិ ឱ្យចូលមកលេងក្នុងខេត្តប៉ៃលិន កាន់តែច្រើនកុះករ ព្រោះមានរមណីយដ្ឋានល្អ ជាពិសេសគឺទឹកធ្លាក់ភ្នំខៀវ ដែលបានឆក់ទាញ បេះដូងរបស់ពួកគាត់ឱ្យនឹកចាំមិនភ្លេចតំបន់ទេសចរណ៍ក្នុងខេត្តប៉ៃលិននេះឡើយ។ 

បើតាមប្រភពព័ត៌មានពីលោក លឹម វាសនា ប្រធានមន្ទីរទេសចរខេត្តប៉ៃលិន បានឱ្យដឹងថា ៖ នាឱកាសបុណ្យចូលឆ្នាំចិនវៀតណាម ដែលជាឱកាសមាសដ៏មានតម្លៃបំផុត ដែលផ្តល់ឱ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរគ្រប់ៗ គ្នាមានពេលវេលា ក្នុងការដើរលេងកម្សាន្តតាមតំបន់រមណីយដ្ឋាននានាក្នុងប្រ ទេសកម្ពុជា ជាពិសេសខេត្តប៉ៃលិនតែម្តង។ លោកបានបន្តទៀតថា នាឱកាសបុណ្យចូលឆ្នាំចិនវៀតណាមនេះ ភ្ញៀវទេសចរមកទស្សនាខេត្តប៉ៃលិនច្រើន ក្នុងនោះភ្ញៀវទេសចរដែលបានមកទស្សនាតាមរមណីយដ្ឋាននានា ដូចជារមណីយ៍ដ្ឋានប្រវត្តិសាស្រ្តភ្នំយ៉ាត រមណីយដ្ឋានម្លប់សាវម៉ាវ រមណីយដ្ឋានទឹកធ្លាក់អូរអែម រមណីយដ្ឋានចំការខ្នុរ រមណីយដ្ឋានគល់ស្ពានតារៀប និងរមណីយដ្ឋានទឹកធ្លាក់ភ្នំខៀវជាដើម៕