ខេត្តកំពតទទួលទេសចរណ៍ជាង៦ម៉ឺននាក់ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម
btshotnews
ខេត្តកំពត÷ ចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០២៤ នៃឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចិន-វៀតណាម ខេត្តកំពតបានទទួលភ្ញៀវទេសចរជិតឆ្ងាយមកលេងកម្សាន្តប្រមាណជាង៦ម៉ឺននាក់ គឺមានការកើនឡើងបន្តិចបន្តួច បើប្រៀបធៀបនឹងឆ្នាំមុន ។
ប្រធានម្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានប្រាប់ឲ្យដឹងថា: សម្រាប់រយ:ពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចិន-វៀតណាម ខេត្តកំពតមានភ្ញៀវទេសចរមកលេងកម្សានចំនួន៦៤.៥២៨នាក់។
បរិមាណនេះបានកើនឡើង០,៤១ភាគរយបើធៀបនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំ២០២៣កន្លងមក។ ក្នុងនោះភ្ញៀវជាតិមាន៦២.៩០៥នាក់ និងទេសចរបរទេសចំនួន១.៦២៣នាក់ ដោយបានប្រើមធ្យោបាយធ្វើដំណើរដោយ ម៉ូតូចំនួន៧.៣៤៧គ្រឿង រថយន្តលក្ខណ:គ្រួសារ៤.៦២៧គ្រឿង រថយន្តប្រភេទទួរីស១.៩១៤គ្រឿង រថយន្តក្រុង៦៦គ្រឿង។
ស្ថានភាពទូទៅនៅក្នុងរយៈពេលបីថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចិន-វៀតណាម នៅខេត្តកំពតមានភាពល្អប្រសើរ ពលរដ្ឋ និងទេសចរសប្បាយរីករាយ នៅតាមកន្លែងស្នាក់នៅនីមួយៗទទួលបដិសណ្ឋាកិច្ចភ្ញៀវបានល្អ តាមរមណីយដ្ឋានការរក្សាបាននូវបរិស្ថានអនាម័យស្អាត ការរក្សាតម្លៃសេវាកម្មល្អ មិនតម្លើងថ្លៃ ហើយសន្តិសុខ សុវត្ថិភាពល្អប្រសើរ គ្មានអ្វីកើតឡើងគួរឲ្យកត់សំគាល់នោះទេ៕