សិស្សសាលាមួយចំនួនគេចម៉ោងរៀន នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ត្រូវសមត្ថកិច្ចហៅអប់រំណែនាំដើម្បីកុំឲ្យក្លាយជាទំពាំងស្អុយ
btshotnews
ខេត្តស្វាយរៀង៖ លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌអធិការនគរបាលស្រុកស្វាយជ្រំខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ បានដឹកនាំកងកម្លាំងចេញល្បាតចល័ត ដើម្បីការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ តែក៏បានប្រទះឃើញសិស្សសាលាមួយចំនួនបាននាំគ្នាអង្គុយលេងនៅតាមតូបលក់ភេសជ្ជៈ កន្លែងបុកប៊ីយ៉ា និងកន្លែងប្រមូលផ្ដុំ នៅក្រៅសាលា ក៏បានអប់រំណែនាំកុំឱ្យគេចម៉ោងរៀនសូត្រ ត្រូវចូលសាលារៀនវិញ ដើម្បីជៀសវាងប្រព្រឹត្តទង្វើរខុសឆ្គងផ្សេងៗក្នុងសង្គម។
លោកវរសេនីយ៍ឯក សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រំ បានឱ្យដឹងថា: លោកបានដឹកនាំកងកម្លាំង ចេញល្បាតចល័ត ដើម្បីការពារសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ហើយបានចុះអប់រំណែនាំសិស្សសាលាដែលអង្គុយលេងនៅតាមតូបលក់ភេសជ្ជៈ កន្លែងបុកប៊ីយ៉ា និងកន្លែងប្រមូលផ្ផ្ដុំគ្នានៅក្រៅសាលាកុំឱ្យគេចម៉ោងរៀន និងខិតខំប្រឹងប្រែងរៀនសូត្រទាំងអស់គ្នា ដើម្បីសង្គមជាតិ និងដើម្បីគ្រួសារ និងអនាគតខ្លួនឯង។ ទន្ទឹមនេះក៏បានអំពាវនាវដល់អាណាព្យាបាលសិស្សានុសិស្សទាំងអស់ ត្រូវតាមដានកូនចៅរបស់ខ្លួន ជៀសវាងកូនចៅមិនចូលរៀនគេចសាលា ហើយប្រមូលផ្តុំគ្នាប្រព្រឹត្តទង្វើរដែលសង្គមគេស្អប់ខ្ពើម និងមានទោសទាន់ទៀតផង។
លោកអធិការ ក៏បានណែនាំដល់សិស្សសាលាផងដែរ ត្រូវយកចិត្តទុកដាក់ក្នុងការរៀនសូត្រកុំប្រមូលផ្តុំគ្នាបង្កើតបងធំបងតូចក្មេងទំនើង ដែលបង្កអសន្តិសុខក្នុងសង្គម កុំសេបគ្រឿងញៀន ត្រូវជៀសវាងឲ្យឆ្ងាយពីគ្រឿងញៀន និងត្រូវចេះគោរពច្បាប់ចរាចរណ៍ផ្លូវ ត្រូវខិតខំរៀនសូត្រ ត្រូវធ្វើជាកូនល្អសិស្សល្អឱ្យក្លាយជាទំពាំងស្នងឫស្សី ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិឱ្យរីកចម្រើន៕