រមណីដ្ឋានទឹកធ្លាក់ជ្រាវ ធម្មជាតិទទួលបានការចាប់អារម្មណ៍មានអ្នកមកលេងកម្សាន្តចូលឆ្នាំថ្មីប្រពៃណីជនជាតិចិនវៀតណាមប្រមាណជិតបីម៉ឺននាក់

btshotnews
ខេត្តកំពង់ស្ពឺ៖ រមណីយដ្ឋានទឹកធ្លាក់ជ្រាវ ជារមណីយដ្ឋានធម្មជាតិមួយដែលទទួលបានការចាប់អារម្មណ៍ និងមានអ្នកលេងកម្សាន្តច្រើនពីសំណាក់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន។

នេះបើយោងតាមការឱ្យដឹងពី លោក រស់ សុខ ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ស្ពឺ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤។

លោក រស់ សុខ បានឱ្យដឹងថា ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន វៀតណាម ខេត្តកំពង់ស្ពឺ មានភ្ញៀវទេសចរមកលេងកម្សាន្តប្រមាណ ២៦, ២២០នាក់ រយៈពេល២ថ្ងៃ គឺថ្ងៃទី១០ និងថ្ងៃទី១១ ក្នុងនោះភ្ញៀវទេសចរជាតិ ២៦,០២៥នាក់ ភ្ញៀវទេសចរអន្តរជាតិ ១៩៥នាក់។

លោក រស់ សុខ ក៏បានបញ្ជាក់ផងដែរថា ខេត្តកំពង់ស្ពឺបច្ចុប្បន្នមានតំបន់ទេសចរណ៍សហគមន៍ចំនួន ២៧កន្លែងសម្រាប់ទទួលភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ លេងកម្សាន្ត។ ក្នុងចំណោមតំបន់ទេសចរណ៍សហគមន៍ទាំង២៧កន្លែងនេះ ខេត្តកំពង់ស្ពឺមានរមណីយដ្ឋានធម្មជាតិយ៉ាងច្រើនដែលភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ អាចទៅលេងកម្សាន្ត គយគន់ធម្មជាតិព្រៃភ្នំ ងូតទឹកធ្លាក់ និងស្តាប់សម្លេងសត្វយំជាដើម ជាមួយនឹងការធ្វើដំណើរលើផ្លូវអភិវឌ្ឍន៍ថ្មី។

លោក រស់ សុខ ក៏បានបន្ថែមថា ទន្ទឹមនឹងកំណើនភ្ញៀវទៅលេងកម្សាន្តក្នុងឱកាសចូលឆ្នាំចិន ខេត្តកំពង់ស្ពឺ ក៏ទទួលបានភ្ញៀវមកស្នាក់នៅ និងដើរលេងកម្សាន្តនៅមុនឱកាសចូលឆ្នាំ(ភ្ញៀវប្រចាំសប្តាហ៍) ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ មានជាង៣ម៉ឺននាក់ផងដែរ៕