សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង ប្រារព្ធធ្វើពិធីអបអរសាទរទិវាជាតិ សុខភាព មាតា ទារក និងកុមារ ២១ កុម្ភៈ ២០២៤

btshotnews
ខេត្តស្វាយរៀង ÷ សាខាកាកបាទក្រហមកម្ពុជាខេត្តស្វាយរៀង នាថ្ងៃទី២១ខែកុម្ភ:ឆ្នាំ២០២៤ នេះ បានប្រារព្ធពិធីអបអរសាទរទិវាជាតិសុខភាព មាតា ទារក និងកុមារ ២១ កុម្ភៈ ២០២៤ ប្រធានបទៈ “ពង្រឹងគុណភាពសេវាថែទាំសុខភាពមាតា ទារក និងកុមារ ដើម្បីឆ្ពោះទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល” និងផ្សព្វផ្សាយសារលិខិត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្រ្តី និងកុមារ ផ្ញើជូនបងប្អូនជនរួមជាតិស្តីពីសារៈប្រយោជន៍ នៃការយល់ដឹងពីសុខភាពបន្តពូជ និងការថែទាំសុខភាព មាតា ទារក និងពេលមានផ្ទៃពោះពេលសម្រាល និងក្រោយពេលសម្រាល និងសំណេះសំណាលជាមួយស្ត្រីទើបសម្រាល ២៩ នាក់ ស្រ្តីមានផ្ទៃពោះ ២៨ នាក់ ស្រ្តីមានកូនតូច ១-២ ឆ្នាំ ៥០ នាក់ ស្ត្រីក្នុងវ័យបន្តពូជ ១៥ នាក់ សរុបចំនួន ១២២. នាក់ ដែលពិធីនេះប្រារព្វធ្វើនៅមន្ទីរពេទ្យបង្អែកស្វាយជ្រំ ក្រោមអធិបតីភាពលោកជំទាវ  ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នើម នៅថ្នាក់សាខា តំណាងឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា។

មានមតិ នាឱកាសនោះ  លោកជំទាវ  ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី សំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធីទាំងមូល  ជាពិសេសបងប្អូនស្ត្រីមានផ្ទៃពោះ ស្ត្រីមានកូនតូច និងស្ត្រីក្នុងវ័យបន្តពូជទាំងអស់  ប្រកបដោយក្តីនឹករលឹក  ។ លោកជំទាវ បានលើកឡើងពីគោលបំណងនៃការប្រារព្ធកម្មវិធីនាថ្ងៃនេះគឺ ៖

១. អបអរទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១កុម្ភៈ ដែលកត់សម្គាល់នូវការបរិច្ឆេទ ដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានទទួលគោរមងារពីអង្គការសហប្រជាជាតិ ជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួម អគ្គលេខាធិការអង្គការសហប្រជាជាតិដើម្បីសុខភាពស្ត្រី និងកុមារ កាលពីថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០១១ ។

២.  អបអរសមិទ្ធផលដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចូលរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជាក្នុងការខិតខំប្រឹងប្រែងកាត់បន្ថយអត្រាមរណភាពមាតា ។ រីឯអត្រាឆ្លងមេរោគអេដស៍ ពីម្តាយមកទារកបានធ្លាក់ចុះពីអត្រា ១៥.២០% នៅឆ្នាំ ២០១៨ មកនៅ ៩.៩០% នៅឆ្នាំ២០២២ ។

៣.  គូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ កាកបាទក្រហមកម្ពុជា ក្រោមការណែនាំតម្រង់ទិសជាប្រចាំពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តខិតខំប្រឹងប្រែង ក្នុងការអប់រំផ្សព្វផ្សាយ និងលើកកម្ពស់សុខភាពមាតា និងទារក ដែលនឹងរួមចំណែកដល់វិធានការគន្លឹះរបស់ក្រសួងសុខាភិបាល ឈានទៅគ្របដណ្តប់សេវាសុខភាពជាសាកល ។

ជាមួយគ្នានេះ លោកជំទាវអនុប្រធានអចិន្ត្រៃយ៍គណៈ កម្មាធិការសាខាក៏បានពាំនាំនូវសារអំពាវនាវរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផ្ញើជូនបងប្អូនស្រ្តីជាមាតាទាំងអស់ក្នុងខ្លឹមសារដូចជា៖ សូមឱ្យស្រ្តីមានផ្ទៃពោះទៅពិនិត្យផ្ទៃពោះ យ៉ាងតិច ៤ ដង តាមពេលវេលាកំណត់ ដើម្បីទទួលវ៉ាក់សាំងបង្ការគ្រប់មុខ ជាពិសេសស្ម័គ្រចិត្តធ្វើតេស្តឈាមរកមេរោគអេដស៍ ស្វាយ និងរលាកថ្លើមប្រភេទបេ ដើម្បីកុំឱ្យមានការចម្លងមេរោគ ពីម្តាយទៅកូន ។ សូមទៅសម្រាលកូននៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលមានគ្រូពេទ្យជំនាញ ។ សូមទៅពិនិត្យសុខភាពក្រោយពេលសម្រាល ទាំងម្តាយទាំងកូន យកកូនទៅចាក់វ៉ាក់សាំងបង្ការជំងឺ ១១ មុខ តាមពេលវេលាកំណត់ ។ សូមបំបៅកូនដោយទឹកដោះម្តាយតែមួយមុខគត់ ចាប់ពីពេលទារកកើតភ្លាមរហូតដល់ទារកមានអាយុ៦ខែ និងផ្តល់អាហារបបរខាប់គ្រប់គ្រឿងដល់កុមារ។

សូមយុវតី-ស្រ្តីក្នុងវ័យបន្តពូជដែលមានអាយុ ១៥ ទៅ ៤៩ ឆ្នាំ ដែលមានបញ្ហាសុខភាព ទៅពិគ្រោះយោបល់ ទទួលការថែទាំ ឬការព្យាបាលជំងឺនៅមូលដ្ឋានសុខាភិបាល និងសូមនាំកុមារីអាយុ៩ឆ្នាំ ទៅទទួលវ៉ាក់សាំង (HPV) បង្ការជំងឺមហារីកមាត់ស្បូនឱ្យបានគ្រប់ៗគ្នា ។ ក្នុងពិធីនោះដែរក៍បានចែកអំណោយសម្រាប់ស្ត្រីទើបសម្រាលកូន និងស្ត្រីមានផ្ទៃពោះក្នុងម្នាក់ទួលបាន៖ សម្ភារប្រើប្រាស់សម្រាប់ម្តាយនិងទារកចំនួន ១៤ មុខ ថវិកា ៥ ម៉ឺនរៀល ។

ស្ត្រីមានកូនតូចអាយុពី ១-២ ឆ្នាំ ក្នុងម្នាក់ ទទួលបាន៖ សម្ភារប្រើប្រាស់សម្រាប់ម្តាយ និងកុមារចំនួន ១១ មុខ ថវិកា ៥ ម៉ឺនរៀល ។
សម្រាប់ស្តីក្នុងវ័យបន្តពូជ ក្នុងម្នាក់ទទួលបាន៖ សម្ភារប្រើបាស់ ៤ មុខ ថវិកា ៥ ម៉ឺនរៀល ។ ក្នុងពិធីនោះដែរលោកជំទាវ ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ បានឧបត្ថម្ភដល់បុគ្គលិកមន្ទីរពេទ្យបង្អែកស្វាយជ្រំ មន្ត្រី-ក្រុមប្រតិបត្តិសាខា-អនុសាខា យុវជនកាកបាទក្រហម សរុបថវិកា ថវិកាចំនួន ១,២៤០,០០០ រៀលផងដែរ ៕