ក្រុមអ្នកលេងចំនួន០២នាក់ត្រូវបានកម្លាំងអាវុធហត្ថឃាត់ខ្លួនក្នុងចំណោមបក្សពួកប្រហែល១០កំពុងរត់គេចខ្លួន
- btshotnews
ខេត្តបាត់ដំបង÷កម្លាំងកងរាជអាវុធហត្ថស្រុកមោងឫស្សី បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ខណៈដែលប័ក្សពួកជាច្រើននាក់ផ្សេងទៀតកំពុងរត់គេចខ្លួន ក្រោយធ្វើសកម្មភាពកាប់ទៅលើភាគីម្ខាងអោយរងរបួសជាច្រើនកន្លែង។
ក្នុងកិច្ចប្រតិបត្តិការឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង ០០និង១០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចក្នុងវត្តពោធិ៍ ស្ថិតក្នុងភូមិពោធិ៍១ ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ដែលជនសង្ស័យត្រូវបានឃាត់ខ្លួន ទី១-ឈ្មោះ ព្រួញ រតនា ភេទប្រុស អាយុ២២ឆ្នាំ មុខរបរធ្វើចំការ និងទី២-ឈ្មោះ គ្រឿម មិថុនា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរធ្វើស្រែ ទាំងពីរនាក់មានទីលំនៅភូមិចុងសំណាយ ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។
សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យទាំង០២នាក់ខាងលើ ក្នុងចំណោមបក្សពួកប្រហែល១០នាក់ កាលពីវេលាម៉ោង ២២និង០០នាទី ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចអនុវិទ្យាល័យមោង ស្ថិតក្នុងភូមិពោធិ៍១ ឃុំគារ ស្រុកមោងឫស្សី ពួកគេប្រដាប់ដោយដាវសាំម៉ារ៉ៃ និង កាំបិត បានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះមួយក្រុមផ្សេងទៀតមានគ្នាប្រហែល១០នាក់ ខណៈពេលដែលទៅមើលការប្រគំតន្ត្រី បណ្តាលឲ្យជនរងគ្រោះឈ្មោះ វាសនា វណ្ណះ ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិចកតូច ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង អោយរងរបួសរយះត្រង់ប្រអប់ជើង និងក្បាលជង្គង់ខាងឆ្វេងចេញឈាម ។
ជាមួយការឃាត់ខ្លួនជនសង្ស័យ០២នាក់ខាងលើនេះដែរ សមត្ថកិច្ចចាប់យកវត្ថុតាងរួមមាន ៖ ,កាំបិតកាចែត ចំនួន០១ដើម ,ទូរស័ព្ទដៃ ចំនួន០១គ្រឿង និងម៉ូតូចំនួន០៥គ្រឿង។
ក្រោយពីឃាត់ខ្លួន បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនមកការិយាល័យជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕