រកឃើញសត្វកែះដ៏កម្រនៅភ្នំកំបោរនៃខេត្តបាត់ដំបង

btshotnews
ខេត្តបាត់ដំបង÷សត្វកែះដែលជាសត្វកម្រមួយប្រភេទ ត្រូវបានក្រសួងបរិស្ថានអះអាងថា បានបង្ហាញវត្តមាននៅក្នុងកាមេរ៉ាដែលអ្នកអភិរក្សបានបង្កប់ខ្លួននៅតំបន់ទេសភាពភ្នំថ្មកំបោរ ក្នុងភូមិសាស្ត្រនៃខេត្តបាត់ដំបង។

សត្វកែះដែលជាសត្វកម្រមួយប្រភេទ ត្រូវបានក្រសួងបរិស្ថានអះអាងថា បានបង្ហាញវត្តមាននៅក្នុងកាមេរ៉ាដែលអ្នកអភិរក្សបានបង្កប់ខ្លួននៅតំបន់ទេសភាពភ្នំថ្មកំបោរ ក្នុងភូមិសាស្ដ្រខេត្តបាត់ដំបង ។

ថនិកសត្វដ៏កម្រប្រភេទនេះ បានបង្ហាញវត្តមានជាមួយនឹងសត្វ ឆ្មាដាវ ឆ្កែចចក ក្តាន់ ញ៉ែងតូច ប្រម៉ា សំពោចក្រអូប ឈ្លូស ស្វាត្រោស ស្វាក្ដាម កន្ថឹក និងមាន់ព្រៃជាដើម ។
មន្ត្រីជំនាញក្រសួងបរិស្ថាន និងអង្គការសត្វព្រៃ និងរុក្ខជាតិប្រចាំកម្ពុជា (FFI) សហការជាមួយរដ្ឋបាលខេត្តបាត់ដំបង អាជ្ញាធរ និងសហគមន៍មូលដ្ឋានបានចុះដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិចំនួនជាង៣០គ្រឿងកាលពីខែមករា ឆ្នាំ២០២៤ កន្លងមកនេះនៅតំបន់ទេសភាពភ្នំថ្មកំបោរ ក្នុងភូមិសាស្ដ្រខេត្តបាត់ដំបង ដើម្បីប្រមូលទិន្នន័យជីវចម្រុះក្នុងការគាំទ្រផែនការអភិរក្សការការពារភ្នំថ្មកំបោរ ។
មកដល់ពេលនេះ កែះ គឺជាថនិកសត្វដែលកំពុងប្រឈមនឹងគ្រោះថ្នាក់ ដោយសារការបាត់បង់ទីជម្រក ការទាក់ចាប់ ឬបរបាញ់ ដើម្បីយកឈា.ម សាច់ ស្នែង ឆ្អឹង ។ ដូច្នេះហើយ ទើបវាត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីក្រហមអង្គការសហភាពអភិរក្សធម្មជាតិអន្តរជាតិ ( IUCN) ថាជាសត្វងាយរងគ្រោះថ្នាក់ជាសាកល ។

កែះ ជាសត្វ ចូលចិត្តរស់នៅតំបន់ព្រៃភ្នំជ្រលង ផ្ទាំងថ្មខ្ពស់ៗ ដែលមានគម្របព្រៃ និងមានស្រទាប់រុក្ខជាតិថ្នាក់ក្រោមច្រើន ហើយមាន ភាពរហ័សរហួន ពូកែស្រង់ក្លិន ភ្នែកពូកែ និងរស់នៅតាមទីជម្រកស្ងាត់ដូច្នេះគេកម្រជួបប្រទះវាណាស់ ៕