រថយន្តដឹកទឹកកក បើកបុកផ្លាកយីហោ ហាងលក់បាយគុយទាវ ធ្វើឲ្យដាច់កង់ក្រោយទាំងពីរ ហើយទឹកកកបានរុញបុកកាប៊ីន បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ របួស ២នាក់
btshotnews
ខេត្តកណ្តាល÷រថយន្តដឹកទឹកកកមួយគ្រឿង បើកបរក្នុងល្បឿនលឿន បានជ្រុលចង្កូតទៅបុកបុកនឹងខឿនចាក់បេតុង និងផ្លាកយីហោហាងលក់បាយ គុយទាវ ឈ្មោះ រស្មី ពេជ្រពន្លឺ បណ្ដាលឲ្យដាច់កង់ផ្នែកខាងក្រោយទាំងពីរ ហើយទឹកកកបានរុញបុកនឹងកាប៊ីនរថយន្ត បណ្តាលឲ្យអ្នកបើកបរ និងអ្នករួមដំណើរសរុប ៣នាក់ រងរបួស ក្នុងនោះ អ្នករួមដំណើរម្នាក់ បានបានស្លាប់ក្រោយពេលបញ្ជូនទៅដល់មន្ទីរពទ្យ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាង ៤ទៀបភ្លឺ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវជាតិលេខ២១ ស្ថិតក្នុងកំពង់ស្វាយកណ្ដាល ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល ។
សត្ថកិច្ចនគរបាលស្រុកកោះធំបានឲ្យដឹងថា រថយន្តដឹកទឹកកក ដែលជួបគ្រោះថ្នាក់ចរចរណ៍ខាងលើម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌សលាយក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 3C-7273 បើកបរដោយឈ្មោះ យី ថន ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិពោធិរាជ ឃុំពោធិរាជ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង រងរបួសស្រាល ដោយមានអ្នករួមដំណើរចំនួន ២នាក់ ទី១ ឈ្មោះ យ៉ា ស ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ រងរបួសស្រាល និងទី២-ឈ្មោះ ម៉ឺន ចាន់ឌី ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ រងរបួសធ្ងន់ ត្រូវបានសាច់ញាតិដឹកយកទៅព្យាបាល ស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ (តេជោសែន) ស្រុកកោះធំ មុនពេលសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ រថយន្តខាងលើ បានបើកបរតាមបណ្តោយផ្លូវជាតិលេខ២១ មានទិសដៅពីក្រុងតាខ្មៅ ទៅក្រុងសំពៅពូន ក្នុងល្បឿនលឿនខ្លាំង លុះមកដល់ចំណុចកើតហេតុ ក៏បានជ្រុលចង្កូតទៅបុកនឹង ខឿនចាក់បេតុង និងនិងផ្លាកយីហោ ហាងលក់បាយ គុយទាវ និងភេសជ្ជៈគ្រប់មុខ ឈ្មោះ រស្មី ពេជ្រពន្លឺ ដែលនៅជាប់នឹងចិញ្ចើមផ្លូវ បណ្ដាលឲ្យដាច់កង់ផ្នែកខាងក្រោយទាំងពីរនៃរថយន្ត ហើយទឹកកកលើរថយន្តរុញបុកកាប៊ីន បណ្ដាលឲ្យគ្រោះថ្នាក់តែម្ដង។
បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងជំនាញ និងកម្លាំងប៉ុស្ដិ៍ បានចុះដល់កន្លែងកើតហេតុ ធ្វើការវាស់វែង និងយកមធ្យោបាយពាក់ព័ន្ធមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី ៕