ថ្ងៃដំបូងនៃ ក្រុមប្រឹក្សាខេត្តប៉ៃ លិន ប្រជុំសាមញ្ញលើកទី១ អណត្តិទី៤ថ្មី

btshotnews
ខេត្តប៉ៃ លិន៖ ក្រុមប្រឹក្សាខេត្តប៉ៃ លិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី១ សម្រាប់អាណត្តិទី៤ថ្មី របស់ខ្លួន ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃ លិន នាថ្ងៃទី១៧ខែមិថុនាឆ្នាំ២០២៤នេះ ព្រមទាំងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត, គណៈអភិបាលខេត្ត នាយក នាយករងរដ្ឋបាលខេត្ត នាយកទីចាត់ការ លោក-លោកស្រី ប្រធានមន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត និងអាជ្ញាធរក្រុង-ស្រុក ជាច្រើននាក់ផងដែរ ។

លោកជំទាវ បាន ស្រីមុំអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ចូលរួមអបអរសាទរ ចំពោះក្រុមប្រឹក្សាខេត្តប៉ៃលិនទាំងអស់ ដែលបានជាប់ឆ្នោតសម្រាប់អាណត្តិថ្មី ហើយសង្ឃឹមយ៉ាងមុតមាំថា ក្រុមប្រឹក្សាខេត្តប៉ៃលិនអាណត្តិថ្មី នឹងចូលរួមជាមួយរដ្ឋបាលខេត្ត និងមន្ទីរជំនាញស្ថាប័នជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន ដើម្បីបន្តអភិវឌ្ឍន៍ខេត្តអោយរីកចម្រើនបន្ថែមទៀត ជាពិសេសត្រូវបន្តចូលរួមដោះស្រាយនូវរាល់បញ្ហា ដែលនៅសេសសល់នាពេលកន្លងមក ជូនប្រជាពលរដ្ឋ ដោយមិនត្រូវរើសអើង ប្រកាន់បក្សពួកនិយម និងគ្រួសារនិយម ។

លោកជំទាវ អភិបាលខេត្ត ក៍បានមានប្រសាសន៍កោតសរសើរ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ ដែលកន្លងមកបានខិតខំអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ប្រកបដោយប្រសិទ្ធិភាព ព្រមទាំងបានចូលរួមក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការបម្រើសេវាសាធារណៈនានាបានល្អប្រសើ និងបានកសាងសមិទ្ធផលនានា នៅតាមមូលដ្ឋានឱ្យលេចឡើងជារូបរាង ដែលជាការរួមចំណែកឲ្យខេត្តប៉ៃលិនយើង មានភាពរីកចម្រើន ស្របតាមគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

មានប្រសាសន៍បូកសរុបក្នុងកិច្ចប្រជុំ ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្តប៉ៃលិន បានមានប្រសាសន៍ វាយតម្លៃខ្ពស់ ចំពោះរដ្ឋបាលខេត្តប៉ៃលិន ដែលមានលោកជំទាវ បាន ស្រីមុំ ជាអភិបាលខេត្ត បានខិតខំប្រឹងប្រែងធ្វើការដោះស្រាយនូវរាល់បញ្ហានានាជូនដល់ប្រជាពលរដ្ឋ និងការអនុវត្តនូវគោលនយោបាយភូមិ/ឃុំមានសុវត្តិភាព នៅតាមមូលដ្ឋានប្រកបដោយប្រសិទ្ធិភាពខ្ពស់ និងបានធ្វើការអភិវឌ្ឍខេត្ត ឱ្យមានការរីកចំរើនជាបន្តបន្ទាប់គួរជាទីមោទន ជាក់ស្តែងការរៀបចំសោភ័ណ្ឌភាពខេត្តយ៉ាងស្រស់ស្អាត គួរអោយទាក់ទាញ ដែលធ្វើអោយភ្ញៀវជាតិ និងអន្តរជាតិមកកំសាន្ត មានការស្ងើចសសើរមិនដាច់ពីមាត់ ចំពោះការកែប្រែមុខមាត់ថ្មីរបស់ខេត្តប៉ៃលិន៕