ខេត្តកំពតក្រុមអាជីវករមានទីផ្សារលក់ផលិតផលគ្រប់មុខ ពិសេសផ្លែឈើក្នុងស្រុកដោយសារថ្នាក់ដឹកនាំខេត្តពង្រីកសក្តានុពលទេសចរណ៍បានច្រើន

btshotnews
ខេត្តកំពត÷ក្រុមអាជីវករលក់ដូរផ្លែឈើដូចជា ទុរេន មង្ឃុត សាវម៉ាវ ក្រូចថ្លុង ដូងក្រអូបជាផលិតផលដែលកសិករដាំក្នុងខេត្តមានចិត្តសប្បាយរីករាយក្នុងការលក់ដូរនៅនឹងកន្លែង ដោយមិនបាច់ចំណាយលើការនាំចេញទៅលក់នៅតំបន់ផ្សេងៗដូចមុន។ ក្រុមអាជីវករ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំខេត្ត ដែលតែងតែគិតគូរាល់ការប្រកបអាជីវកម្ម និងការលក់ដូររបស់ពលរដ្ឋអាជីវករក្នុងខេត្ត ដែលពីមុនផលិផលផ្លែឈើខ្លះពុំសូវមានទីផ្សា លក់មិនដាច់ តែឥឡូវលក់រហូតសឹងតែរកមកលក់បន្តមិនទាន់។

ក្រុមអាជីវករលក់ ទុរេន មង្ឃុត សាវម៉ាវ នៅក្នុងខេត្តកំពត បានលើកឡើងថា ក្រោយឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានបង្កើតឱ្យមានតំបន់ទេសចរណ៍ និងកន្លែងកម្សាន្តស្អាតៗជាច្រើនក្នុងខេត្តមក បានធ្វើឱ្យកំណើនភ្ញៀវទេសចរមកសម្រាកកម្សាន្តកាន់តែច្រើន ហើយបានធ្វើឱ្យការលក់ដូររបស់ពួកគាត់ដាច់ជាងមុន។

ក្រុមអាជីវករបានបន្តថា ពីមុនក្នុងមួយថ្ងៃកន្លែងលក់ដូរផ្លែឈើបោះដុំធំៗ ក្នុងមួយថ្ងៃលក់បានប្រមាណតែ ១តោន ទៅ ២តោនតែប៉ុណ្ណោះទាំងលក់រាយ និងលក់ដុំសម្រាប់ផ្លែទុរេនកំពត ។  តែក្រោយពីខេត្តកំពតមានសមិទ្ធិផលទេសចរណ៍ច្រើនកន្លែង ពិសេសរូបសំណាកត្រីសេះសមុទ្របាញ់ទឹក ពួកគាត់អាចលក់បានក្នុងមួយថ្ងៃពី៣ ទៅ៤តោន។

ចំណែកឯអាជីវករដែលលក់ដូរផ្លែទុរេននៅតំបន់ត្រីសេះសមុទ្របាញ់ទឹកក៏បានបញ្ជាក់ផងដែរថា កាលពីមុនក្នុងមួយថ្ងៃលក់បានពី១០ ទៅ ២០គីឡូប៉ុណ្ណោះ តែសព្វថ្ងៃលក់បានចន្លោះពី៤០ ទៅ ៥០គីឡូសម្រាប់ថ្ងៃចុងសប្តាហ៍ ហើយរាល់ការលក់ដូរគឺពួកគាត់បង្ហាញពីភាពស្មោះត្រង់អំពីប្រភពនៃផ្លែឈើ ហើយរក្សាតម្លៃនៅសមរម្យ ទៅតាមការណែនាំរបស់ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ដែលតម្រូវឱ្យអាជីវករទាំងអស់ប្រើប្រាស់ភាពស្មោះត្រង់ជាមួយភ្ញៀវទេសចរដែលមកលេងកម្សាន្តក្នុងខេត្ត៕