បុរសជាប្តីបានយកកាំបិតផ្គាក់កាប់ប្រហារប្រពន្ធជាច្រើនកាំបិតបណ្តាលអោយរងរបួសធ្ងន់

btshotnews
បាត់ដំបង÷ជនល្មើសជាប្តីម្នាក់ដែលជាមុខសញ្ញាប្រើប្រាស់ថ្នាំញៀននិងស្រាថ្នាំជាប្រចាំ បានបែកគំនិតយកកាំបិតផ្គាក់កាប់ទៅលើរាងកាយប្រពន្ធដែលទើបសម្រាលកូន០១ខែជាច្រើនកាំបិតបណ្តាលអោយរងរបួសធ្ងន់។

ហេតុការណ៍គួរអោយភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅវេលាម៉ោង០១ទៀបភ្លឺ ឈានចូលថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅចំណុចក្រុមទី០៩ ភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ដែលបង្ករឡើងដោយជនល្មើសជាប្ដីឈ្មោះ តុង ប៊ុនសុង ភេទប្រុស អាយុ៤៩ឆ្នាំ ជាមនុស្សប្រើប្រាស់ថ្នាំញៀន និងស្រាថ្នាំ និងបានប្រើប្រាស់កាំបិតផ្គាក់កាប់ទៅលើជនរងគ្រោះជាប្រពន្ធឈ្មោះ យ៉ាត រដ្ឋា ភេទស្រី អាយុ៤២ឆ្នាំ ដែលទើបសំរាលកូនបាន០១ខែ នៅក្រោមផ្ទះចំនួន០៤កាំបិត ត្រូវក្បាលពីក្រោយចំហៀងខាងឆ្វេង០១កាំបិត សាច់ដុំស្មាខាងស្ដាំ០១កាំបិត ខ្នងពីក្រោយខាងស្ដាំ ០១កាំបិត និងភ្លៅស្ដាំ០១កាំបិត បន្ទាប់មកបានកាន់កាំបិតរត់គេចខ្លួនបាត់តែម្តង។

ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានសាច់ញាតិដឹកបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យ ចំណែកជនដៃដល់ត្រូវបានកំលាំងជំនាញអាវុធហត្ថស្រុកកំពុងធ្វើការស្រាវជ្រាវនិងស៊ើបអង្កេតដើម្បីតាមចាប់យកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕