រដ្ឋលេខាធិការក្រសួងព័ត៌មាន នាំយកទេយ្យទាន ទេយ្យវត្ថុ ប្រគេនដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សា នៅវត្តស្រយ៉ូវ និងវត្តភ្នំសន្ទុក

btshotnews
ខេត្តកំពង់ធំ៖ ឯកឧត្ដមបណ្ឌិតសុខ ចាន់ ភក្ដី រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព លោកបណ្ឌិតឌីមសុខុន អគ្គលេខាធិការសមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាពនិងលោកបណ្ឌិត គឹម សារឿនប្រធានសាខាសមាគម សស.យស  ខេត្តកំពង់ធំនាថ្ងៃទី២៨ខែកក្កដាឆ្នាំ២០២៤នេះបានអញ្ជើញនាំយកទេយ្យទានទេយ្យវត្ថុ ជាគ្រឿងឧបភោគ បរិភោគ និងបច្ច័យ ទៅវេរប្រគេន ដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅវត្តស្រយ៉ូវ និងវត្តភ្នំសន្ទុក វត្ថុស្រយ៉ូវស្ថិតក្នុងភូមិ
ស្រយ៉ូវ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ  រីឯវត្តសន្ទុក ស្ថិតនៅ ឃុំកកោះ ស្រុកសន្ទុក  ខេត្តកំពង់ធំ ។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តម បណ្ឌិត សុខ ចាន់ភក្ដី រដ្ឋលេខាធិការក្រសួងព័ត៌មាន បានមានប្រសាសន៍លើកឡើង ថា៖ រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានបន្តយកចិត្តទុកដាក់យ៉ាង ខ្លាំង បំផុតចំពោះវឌ្ឍនភាព និងសុខដុមនីយកម្មសាសនា ហើយក្នុងនោះវិស័យពុទ្ធចក្រ និងអាណាចក្រ ក៍មានការរីក ចម្រើន ទន្ទឹមគ្នាក្រោមបរិយាកាសសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យដែលជា
ចលករធ្វើ អោយពុទ្ធបរិស័ទមានជីវភាពធូរធារ និងបានចូលរួមកសាងទីវត្តអារាមឱ្យមានការរីកចម្រើនជាលំដាប់ ។

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានមាន ប្រសាសន៍បញ្ជាក់ថា៖ ការចូលកាន់ព្រះវស្សារបស់ព្រះសង្ឃក្នុងពុទ្ធសាសនា គឺជាអំឡុងពេលដ៏សំខាន់ ដើម្បីឲ្យភិក្ខុ សាមណេរ បានសិក្សារៀនសូត្រព្រះបរិយត្តិធម៌ និងបដិបត្តិធម៌វិន័យ ឱ្យបានខ្ជាប់ ខ្ជួនតាមពុទ្ធប្បញ្ញត្តិរយៈពេល ០៣ខែ ចាប់ផ្តើមពីថ្ងៃ ០១រោច ខែអាសាឍ ដល់ថ្ងៃ ១៥កើត ខែអស្សុជ ហើយការនាំយក គ្រឿងឧបភោគ បរិភោគ និងបច្ច័យ មកវេរប្រគេនដល់ព្រះសង្ឃកំពុងគង់ចាំព្រះវស្សា អស់ កាលត្រីមាស នាពេលនេះ គឺដើម្បីដោះស្រាយការលំបាករបស់ព្រះសង្ឃ ដែលកំពុងបដិបត្តិធម៌ និងសិក្សារៀនសូត្រនូវធម៌វិន័យព្រះសម្មាសម្ពុទ្ធ ព្រះបរមគ្រូនៃយើង ។

ជាមួយគ្នានេះផងដែរ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ ក៍បានមានប្រសាសន៍ផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ត្រូវបង្កើន ការ ប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះធម្មជាតិដើម្បីធានាបាននូវសុវត្ថិភាពផ្ទាល់ខ្លួន និងសេចក្តីសុខក្រុមគ្រួសារទាំងមូល ពី ព្រោះ រដូវនេះ ជារដូវមានភ្លៀងធ្លាក់ច្រើន និងលាយឡំជាមួយខ្យល់កន្ត្រាក់ ផ្គររន្ទះ ដែលងាយបង្កការគ្រោះថ្នាក់កើតឡើង ជាយថាហេតុ ហើយបើមានបញ្ហាកើតឡើង ត្រូវប្រញ៉ាប់រាយការណ៍មកកាន់អាជ្ញាធរមូលដ្ឋាន ដែលនៅជិតបំផុត ឲ្យបាន លឿន ដើម្បីឱ្យក្រុមការងារ ចុះទៅជួយអន្តរាគមន៍ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ឱ្យបានទាន់ពេលវេលា ក្នុងការចូលរួម សម្រាលការខ្វះខាតនានា ជាបណ្តោះអាសន្ន ។

សូមជម្រាបថា៖ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការក្រសួងព័ត៌មាន និង លោកបណ្ឌិត គឹម សារឿន ប្រធានសាខាសមាគមសស.យស បានប្រគេនដល់ព្រះសង្ឃដែល គង់ចាំ ព្រះវស្សា នូវវត្តចំនួន២ វត្ត
ស្រយ៉ូវនិងវត្តភ្នំសន្ទុកដោយក្នុង១វត្តៗទទួលបាន ៖ ទៀនព្រះវស្សា អង្ករ ទឹកសុទ្ធ ទឹកផ្លែឈើ ទឹកដោះគោ ត្រីខ មី តែ ស្ករស និងបច្ច័យមួយចំនួនផងដែរ៕