ព្រឹត្តិកាណ៍ សសយក វេចនំអន្សមខ្មែរ ចែកជូនដល់ភ្ញៀវទេសចរណ៍ និងប្រជាពលរដ្ឋ ពិសារដោយឥតគិតថ្លៃ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនៅវិមានឯករាជ្យ
btshotnews
ខេត្តប៉ៃ លិន៖ ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃ លិន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃ លិន និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានដឹកនាំ យុវជន សសយក គ្រប់វិស័យ ប្រារព្ធព្រឹត្តិកាណ៍ សសយក វេចនំអន្សមខ្មែរ ចែកជូនដល់ភ្ញៀវទេសចរណ៍ និងប្រជាពលរដ្ឋ ពិសារដោយឥតគិតថ្លៃ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដែលជាបុណ្យប្រពៃណីជាតិខ្មែរ។
លោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានមានប្រសាសន៍លើកឡើងថា៖ ការរៀបចំព្រឹត្តិកាណ៍ សសយក វេចនំអន្សមខ្មែរ ចែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ គឺក្នុងគោលបំណងធ្វើការផ្សព្វផ្សាយពីអត្ថន័យប្រពៃណីទំនៀមទម្លាប់របស់ខ្មែរ ហើយក៏ជាកម្មវិធី នៃការកៀងគរ ឬបើកឱកាស ដើម្បីឱ្យមានការជួបជុំជាលក្ខណៈមហាគ្រួសារខ្មែរផង និងបំផុសចលនាវប្បធម៌នៃការចែករំលែកផងដែរ។
លោកជំទាវបណ្ឌិតប្រធាន បានមានប្រសាសន៍រំលឹកថា៖ ក្នុងដំណាក់កាលទសវត្សរ៍ទី៨០ ពេលនោះ ការអភិវឌ្ឍប្រទេសកម្ពុជានៅមានកម្រិតនៅឡើយ តែអ្វីដែលសំខាន់នាពេលនោះ នៅពេលមានបុណ្យទានម្តងៗ គឺក្រុមគ្រួសារមកជួបជុំគ្នាធ្វើការវេចនំ ដោយការធ្វើរបៀបនេះមាននៅក្នុងក្របខណ្ឌទូទាំងប្រទេស ហើយនៅតែបន្តមានមកទល់បច្ចុប្បន្ន ដូច្នេះការវេចនំអន្សម គឺជាការនាំប្រជាពលរដ្ឋខ្មែរមកជួបជុំគ្នា ក្នុងលក្ខណៈជាសង្គមខ្មែរ ក្នុងការរាប់អានគ្នាទៅវិញទៅមក។
សូមបញ្ជាក់ថា៖ «នំអន្សម» នៅក្នុងវចនានុក្រមខ្មែរ បានពន្យល់ថា ជាឈ្មោះនំធ្វើដោយអង្ករដំណើប ខ្ចប់ដោយស្លឹកស្រស់ ជាទូទៅច្រើនខ្ចប់ស្លឹកចេក ដោយនំអន្សមមានច្រើនប្រភេទដូចជា អន្សមចេក អន្សមជ្រូក អន្សមដូង អន្សមអាំងជាដើម ហើយក្នុងចំណោម នំអន្សមទាំងនេះ ភាគច្រើន នំអន្សមជ្រូក និងនំអន្សមចេក ពលរដ្ឋខ្មែរនិយមវេចនៅក្នុងពិធីបុណ្យជាតិធំៗដូចជា ពិធីបុណ្យចូលឆ្នាំខ្មែរ បុណ្យភ្ជុំបិណ្ឌ បុណ្យអុំទូក កម្មវិធីរៀបអាពាហ៍ពិពាហ៍ ពិធីបុណ្យសាសនា និងកម្មវិធីផ្សេងៗទៀត ដូច្នេះ «នំអន្សម» គឺជានំប្រពៃណីរបស់ជនជាតិខ្មែរ ដែលមានប្រវត្តិយូរលង់ណាស់មកហើយ ហើយនំប្រភេទនេះ ទំនងអាចនឹងមានប្រវត្តិកើតមានក្នុងរាជព្រះបាទជ័យវរ្ម័នទី២ ដែលមានជំនឿគោរពទៅលើ «ព្រះឥសូរ ឬ ព្រះសិវៈ» ដែលតំណាងឱ្យ «សសរភ្លើងឥស្វរៈ» នៃដើមកំណើតព្រះឥសូរ ដែលនាំយក សិវៈលិង្គមកគោរពបូជា ក្នុងលទ្ធិទេវរាជរបស់ព្រះអង្គ៕