មន្ត្រីជាន់ខ្ពស់នៃក្រសួងកិច្ចការនារី ស្រី្តកាន់តែមានមុខតំណែងខ្ពស់ក្នុងស្ថាប័នរដ្ឋច្រើនជាងមុន

 

ភ្នំពេញ៖ ក្រសួងកិច្ចការនារី បច្ចុប្បន្នស្រ្ដីបាននឹងកំពុងបម្រើការងារតាមស្ថាប័នរដ្ឋ មានការកើនឡើងគួរឲ្យកត់សំគាល់ ហើយស្រ្ដីក៏បានកាន់មុខតំណែងធំៗ ក្នុងជួររាជរដ្ឋាភិបាលទៀតផង។
លោកស្រី ញាណ សុចិត្រា បានថ្លែងដោយអះអាងថា តាំងពីឆ្នាំ១៩៩៤ រហូតដល់ពេលនេះ ចំនួនស្រ្ដីដែលបានចូលរួម ក្នុងការធ្វើសេចក្ដីសម្រេច មានការកើនឡើងគួរឲ្យកត់សំគាល់ ក្នុងនោះស្រ្ដីចូលរួមក្នុងអង្គនីតិបញ្ញត្តិ កាលពីឆ្នាំ១៩៩៣ មានតែ៧រូបប៉ុណ្ណោះ ក្នុងចំណោម១២៨កៅអី ក៏ប៉ុន្តែបើក្រឡែកមើលពេលបច្ចុប្បន្នវិញ ការបោះឆ្នោតនៅក្នុងឆ្នាំ២០១៨ មានស្រ្ដីចំនួន២៥រូប ក្នុងចំណោម១២៥កៅអី នេះសបញ្ជាក់ថា ស្រ្ដីមានសមាសភាពប្រមាណ២០% ក្នុងតំណែងអង្គនីតិបញ្ញត្តិ។
ការលើកឡើងបែបនេះ របស់លោកស្រី ញាណ សុចិត្រា ធ្វើឡើងនាព្រឹកថ្ងៃទី១៤ខែតុលាឆ្នាំ២០១៩ កន្លងទៅ ក្នុងឱកាសដែលលោកស្រី អញ្ជើញចូលរួមក្នុងកម្មវិធី កិច្ចប្រជុំជាមួយអ្នកសារព័ត៌មាន អំពីវឌ្ឍនភាពនៃសន្និសីទអន្ដរជាតិ ស្ដីពីប្រជាជន និងការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា ដោយមានការចូលរួមក្នុង លោក ជា ចាន់ទុំ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានប្រជាជន និងការអភិវឌ្ឍន៍ក្រសួងផែនការ, លោកស្រីសាស្រ្ដាចារ្យ ទុង រដ្ឋាវី នាយិកាមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារកក្រសួងសុខាភិបាល ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូប។
លោកស្រី ញាណ សុចិត្រា បានថ្លែងបន្ដថា សម្រាប់ព្រឹទ្ធសភាព ក្នុងឆ្នាំ១៩៩៩មានស្រ្ដី៩រូប ក្នុងចំណោម៦១រូបស្មើនឹង១៤.៧៥% ហើយចូលមកដល់ក្នុងឆ្នាំ២០១៧ នៃការបោះឆ្នោតចុងក្រោយ ឃើញថាមានស្រ្ដីចំនួន១២រូប ក្នុងចំណោម៦២រូបស្មើ១៩.៣៥%។ ដោយឡែកក្នុងអង្គនីតិប្រតិបត្តិវិញ បើធៀបនឹងឆ្នាំ១៩៩៣មកឆ្នាំ២០១៨វិញ មានស្រ្ដីជារដ្ឋមន្រ្ដីចំនួន៣រួមមាន៖ រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច, រដ្ឋមន្រ្ដីក្រសួងកិច្ចការនារី និងរដ្ឋមន្រ្ដីក្រសួងវប្បធម៌,។
លោកស្រីបានថ្លែងបញ្ជាក់ថា តំណែងរដ្ឋលេខាធិការ មានស្រ្ដីចំនួន៤៥រូបស្មើ១៥.៨៣%, អនុរដ្ឋលេខាធិការមានចំនួន៦៩រូបស្មើមនឹង៦៥.៣៣% ដោយឡែកនៅក្នុងប្រព័ន្ធតុលាការវិញ ក៏មានចំនួនស្រ្ដីកើនឡើងផងដែរ។
លោកស្រីបានថ្លែងបន្តទៀតថា ចំណែកស្រ្ដីឈរក្នុងមុខតំណែងថ្នាក់ក្រោមជាតិ មានអភិបាលខេត្តជាស្រ្ដី១រូប ដោយកាន់តំណែងជាអភិបាលខេត្តកោះកុង ក្នុងឆ្នាំ២០១៨ កន្លងមកយើងមិនមាននោះឡើយ។
លោកស្រី សឿន សុជាតា ជាស្រ្ដីមួយរូបតំណាងក្រសួងអប់រំ បានថ្លែងថា ក្រសួងអប់រំបានយកចិត្តទុកដាក់ លើការធានាឲ្យបាននូវសមភាពយេនឌ័រ, ធានាបានសុខភាពបន្ដពូជ ដោយផ្ដោតសំខាន់លើស្រ្ដី និងក្មេងស្រី។
លោកស្រីបានថ្លែងបញ្ជាក់ថា បច្ចុប្បន្ននេះវិស័យគ្រូបង្រៀនមតេយ្យសិក្សា ក៏មានបុរសដែរ ក៏ប៉ុន្តែស្ថិតក្នុងកម្រិតទាប ចំពោះគ្រូបឋមសិក្សាមានពាក់កណ្ដាល៥០% គឺគ្រូស្រីច្រើនជាង គ្រូបុរសបន្ដិចបន្ដួច សម្រាប់គ្រូមធ្យមសិក្សាបឋមភូមិមានជាង៤០%, គ្រូក្នុងមធ្យមសិក្សាទុតិយភូមិ មានជាង៣០% ទាំងនេះជាកំណើន និងភាពអង់អាចរបស់ស្រ្ដីលើវិស័យអប់រំ៕ btshotnews