ថ្នាក់ដឹកនាំនៃដែនដីរដ្ឋបាលខេត្តស្វាយរៀង បានរៀបចំការប្រណាំងទូកនៅទន្លេវ៉ៃគោ

ស្វាយរៀង៖ លោកស្រី ម៉ែន សំអន រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជាចុះជួយ ខេត្តស្វាយរៀងបានអញ្ជើញជាអធិបតី បើកពិធីប្រណាំងទូកប្រពៃណីខ្នាតអន្តរជាតិ និងទូកក្តារបីសន្លឹក ពិធីនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី២៧ខែតុលាឆ្នាំ២០១៩ ស្ថិតនៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។
លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានថ្លែងថា ក្នុងឆ្នាំនេះមិនខុសពីបណ្ដាឆ្នាំកន្លងទៅនោះ ក្នុងឆ្នាំ២០១៩នេះ ពិធីប្រណាំងទូកនៅខេត្តស្វាយរៀង មានការចូលរួមពីប្រតិភូ និងកីឡាករ-កីឡាការិនី មកពីគ្រប់បណ្ដារាជធានីខេត្តទូទាំងប្រទេស ដោយមានទូកមកចូលរួមប្រណាំងសរុបចំនួន ៥៤គ្រឿង មានកីឡាករសរុបចំនួន ១.២៨៣នាក់ (នារី ០៩នាក់) ក្នុងនោះ កីឡាករពេញសិទ្ធិ ៩៩៦នាក់ និងកីឡាករបម្រុង ២៨៧នាក់ ព្រមទាំងមានប្រតិភូដឹកនាំទូក ២១២នាក់ទៀតផង។
ប្រភេទទូកប្រពៃណីខ្នាតអន្តរជាតិ ចំណុះ២២នាក់ មាន៤៤គ្រឿង រួមមាន៖ ទូកខេត្តស្វាយរៀង ១៤គ្រឿង, ទូករបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកងរាជអាវុធហត្ថរាជធានី-ខេត្ត ២៦គ្រឿង ទូកខេត្តព្រៃវែង ១គ្រឿង, ទូកខេត្តកណ្ដាល ១គ្រឿង ទូករបស់កងពលតូចថ្មើរជើងលេខ៥១ ខេត្តបន្ទាយមានជ័យ១គ្រឿង និងទូករបស់រដ្ឋបាលខេត្តព្រះវិហារ ១គ្រឿង។
ប្រភេទទូកក្ដារបីសន្លឹក ចំណុះ ៣នាក់មានចំនួន ១០គ្រឿង ក្នុងនោះប្រភេទទូកបុរស ៨គ្រឿង និងប្រភេទទូកនារី ២គ្រឿង រួមមាន៖ ទូកក្នុងខេត្ត ៤គ្រឿង ទូករបស់កងរាជអាវុធហត្ថខេត្តកណ្ដាល ១គ្រឿង ទូករបស់សមាគមទូកខេត្តកណ្ដាល ២គ្រឿង ទូកខេត្តបន្ទាយមានជ័យ ១គ្រឿង និងទូករបស់វត្តស្លាកែត ខេត្តកណ្ដាល២គ្រឿង៕