btshotnews
ខេត្តកែប៖ ឯកឧត្តម អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី គឹម ចន្នី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប នាព្រឹកថ្ងៃទី២៧ខែមេសាឆ្នាំ២០២៥ បានអញ្ចើញជាអធិបតីភាព ក្នុងពិធីបុណ្យផ្កាប្រាក់សាមគ្គី សម្រាប់ទ្រទ្រង់កសាងសមិទ្ធផលក្នុងវត្តសុខមនោរម្យ (ហៅវត្តទួលសាងាំ) ស្ថិតក្នុងភូមិទួលសាងាំ ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។ ពីធីនេះ ក៏មានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត អភិបាលក្រុង ស្រុក កងកម្លាំងទាំង៣ ប្រធានមន្ទីរ-អង្គភាព នឹងបងប្អូនពុទ្ធបរិស័ទ ជាច្រើនរូបផងដែរ។
នេះគឺជាការបង្ហាញ អំពីការ ខិតខំ ប្រឹងប្រែង របស់ថ្នាក់ដឹកនាំខេត្តកែប ទាំងការចំណាយនៅពេល វេលា កម្លាំងកាយចិត្ត ធនធាន ចូលរួមចំណែកក្នុងការកសាងឡើងនូវសមិទ្ធផលនានាជាច្រើននៅក្នុងវត្តសុខមនោរម្យ (ហៅវត្តទួលសាងាំ) ជាទីកត់សម្គាល់។
មានប្រសាសន៍នាឱកាសនោះ លោកស្រី គឹម ចន្នី អភិបាលរងខេត្ត បានលេីកឡេីងថា៖ វិស័យព្រះពុទ្ធសាសនា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយពង្រឹង និងអប់រំសីលធម៌ ចរិយាធម៌សង្គម ផ្តល់នូវចំណេះវិជ្ជា ជាពិសេស ធ្វើឱ្យសង្គមកម្ពុជាទាំងមូលមានសុខសន្តិភាព វិបុលភាព ស្ថិរភាព រស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ និងសុខដុមរមនាជាមួយគ្នា ជៀសផុតពីការរើសអើង ប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និន្នាការ ជំនឿសាសនា អំពើប្រទូស្តរ៉ាយ អំពើហិង្សាផ្សេងៗ ទាំងនៅក្នុងគ្រួសារសហគមន៍ ក៏ដូចជានៅក្នុងសង្គមជាតិទាំងមូល ។ ការជួបជុំក្នុងពិធីបុណ្យផ្កាប្រាក់សាមគ្គីនេះ គឺប្រារព្ធធ្វើឡើង ក្រោមដំបូលនៃសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ទាំងអាណាចក្រ និងពុទ្ធចក្រ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ប៊ុនប្រសព្វ ឈ្លាសវៃ និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
សូមបញ្ជាក់ផងដែរថា៖ បច្ច័យ មន្ត្រីរាជការ តាមមន្ទីរអង្គភាពនានា រួមជាមួយរដ្ឋបាលខេត្តកែប ចូលរួម ក្នុងបុណ្យផ្កាប្រាក់សាមគ្គីសម្រាប់ទ្រទ្រង់កសាងសមិត្ថផលក្នុងវត្តសុខមនោរម្យ (ហៅវត្តទួលសាងាំ) នាឱកាសពេលនេះមានចំនួន ២៨,៨០៧,៤០០៛(ម្ភៃប្រាំបីលាន ប៉ែតសិបមុឺន ប្រាំពីរពាន់ បួនរយរៀល) បានប្រគេនព្រះសង្ឃ ទុកសម្រាប់ប្រើប្រាស់ កសាងសមិទ្ធផលនៅក្នុងវត្តនោះ៕