ក្រុមកីឡាករនៃដែនដីខេត្តស្វាយរៀង ត្រូវបានលើកពានលីគកំពូលកម្ពុជាជាផ្លូវការខណ:អ្នកគាំទ្រនៅតែបន្តរិះគន់នូវប្រាក់រង្វាន់!
ស្វាយរៀង៖ ក្រុមព្រះខ័នរាជនៃដែនដីខេត្តស្វាយរៀង បានទទួលពានជើងឯកលីគកំពូលកម្ពុជា ឆ្នាំ២០១៩ ជាផ្លូវការដោយទទួលបានប្រាក់រង្វាន់ចំនួន ៦០លានរៀល បន្ទាប់ពីបញ្ចប់ការប្រកួតសប្ដាហ៍ទី២៥ ដោយយកឈ្នះក្រុមអាស៊ីអឺរ៉ុប ៦-១ នៅកីឡដ្ឋានខេត្តស្វាយរៀង កាលពីរាត្រីថ្ងៃទី២៧ខែតុលានេះ ។
ដើម្បីអបអរសាទរថ្ងៃពិសេស ថ្ងៃលើកពានជាផ្លូវការ មុនបញ្ចប់រដូវកាល ក្រុមព្រះខ័នរាជស្វាយរៀង បានធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួន មានការពេញចិត្តកាន់តែខ្លាំង ចំពោះសមិទ្ធផលក្នុងរដូវកាលឆ្នាំ២០១៩ ពិសេសការយកឈ្នះក្រុមអាស៊ីអឺរ៉ុប ៦-១ ដើម្បីរក្សានូវកំណត់ត្រាមិនស្គាល់ចាញ់ ពោលគឺ ២៥ប្រកួតឈ្នះ២០ នឹងស្មើ៥ ។
ទន្ទឹមនឹងនេះដែរ ភាពសប្បាយរីករាយរបស់ក្រុមព្រះខ័នរាជស្វាយរៀង ក៏មានមហាជន និងអ្នកគាំទ្រមួយចំនួន បាននាំគ្នារិះគន់ទៅលើប្រាក់រង្វាន់ខាងលើដែរ ដោយពួកគេនាំគ្នាបញ្ចេញមតិស្រដៀងៗគ្នាថា ប្រាក់រង្វាន់ ៦០លានរៀល មិនសាកសមចំពោះការខិតខំប្រឹងប្រែង នឹងការចំណាយធនធានដ៏ច្រើនលេីសលប់របស់ក្លឹបនីមួយៗ នោះឡើយ ។
ប៉ុន្ដែទោះបីមានការរិះគន់យ៉ាងណាដោយក៏ គណៈកម្មការរៀបចំការប្រកួត នៅតែរក្សាគោលការណ៍របស់ខ្លួនដដែល ជាក់ស្ដែងប្រាក់រង្វាន់ ៦០លានរៀល ត្រូវបានអនុវត្តន៍ជាច្រើនឆ្នាំមកហើយ ម៉្យាងវិញទៀតការរិះគន់ ក៏មិនមែនទើបមានដែរ ជារៀងរាល់ឆ្នាំ ក្រោយចប់ការប្រកួត បញ្ហាប្រាក់រង្វាន់សម្រាប់ក្រុមជើងឯកនេះ តែងតែក្លាយជាប្រធានបទដ៏ក្ដៅគគុក ។ តែក៏មានក្លឹបមួយចំនួន លួចបង្ហើបទាំងមិនពេញចិត្ត ចំពោះប្រាក់រង្វាន់នេះផងដែរ ។
ក្រឡេកមកចាប់អារម្មណ៍ការប្រកួតលីគកំពូលកម្ពុជា ឆ្នាំ២០១៩ នេះវិញ ទោះបីពិធីប្រគល់ពានក្រុមជើងឯក ត្រូវបានរៀបចំហើយក្ដី តែការប្រកយតមិនទាន់បញ្ចប់នោះទេ ពោលគឺក្រុមនីមួយៗ នៅសល់ ១ប្រកួតក្នុងដៃទៀត ជាក់ស្ដែងក្រុមជើងឯកព្រះខ័នរាជស្វាយរៀង នឹងត្រូវជួបក្រុមណាហ្គាវើលដ៏ នាថ្ងៃទី០១ ខែវិច្ឆិកាចុងសប្ដាហ៍នេះ នៅកីឡដ្ឋានស្ដាតចាស់៕