មន្រ្តីជាន់ខ្ពស់នៃក្រសួងព័ត៌មាន ជំរុញម្ចាស់អាជីវកម្មអនឡាញ(Online)ត្រូវសុំច្បាប់ឲ្យបានត្រឹមត្រូវមុននឹងដាក់លក់ផលិតផលរបស់ខ្លួនតាមបណ្ដាញសង្គម
ភ្នំពេញ៖ លោក ម៉ូត ទូល័ស ទីប្រឹក្សានៃក្រសួងព័ត៌មាន បានជំរុញឱ្យអ្នកលក់ផ្សព្វផ្សាយតាមអនឡាញ(Online) ត្រូវលក់ផលិតផលដែលមានច្បាប់ ដើម្បីបញ្ជៀសអំពីបញ្ហាណាមួយដែលប្រឈមមុខនឹងច្បាប់ រួមទាំងធ្វើឱ្យមានការគាំទ្រពីសំណាក់អតិថិជនគ្រប់មជ្ឈដ្ឋានទៀតផង។
ការថ្លែងបែបនេះរបស់លោក ម៉ូត ទូល័ស បានធ្វើឡើងនាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩នេះ នៅគ្រាដែលលោកអញ្ជើញចូលរួម ក្នុងពិធីប្រគល់វិញ្ញាបនបត្រ អ្នកបន្តវេនសម្រាប់ការ ដឹកនាំសិក្ខាសាលាមួយ ដែលមានម្ចាស់អាជីវកម្មលក់តាម អនឡាញ (Online) ចូលរួមជាច្រើនកុះករ នាពេលថ្មីៗកន្លងទៅ។
លោក ម៉ូត ទូលូស បានថ្លែងបញ្ជាក់ថា អតិថិជនដែលចាប់អារម្មណ៍ ចំពោះផលិតផលរបស់លោកអ្នក អាចនឹងលែងចាប់អារម្មណ៍ បើសិនជាផលិតផលទាំងឡាយ ពុំទាន់សុំច្បាប់អនុញ្ញាត្តិពីក្រសួងពាក់ព័ន្ធនោះទេ ពីព្រោះថាការលក់តាម អនឡាញ Online មានភាពទូលំទូលាយ មិនងាយគ្រប់គ្រងបានភ្លាមៗ ហេតុដូច្នេះ ប្រជាពលរដ្ឋត្រូវសួរ និងសុំមើលឯកសារបញ្ជីការពីក្រសួងជាមុនសិន មុននឹងសម្រេចជាវផលិតផល ណាមួយពីការលក់តាមអនឡាញ Online។
ទីប្រឹក្សាក្រសួងព័ត៌មាន បានថ្លែងបន្ថែមថា ប្រសិនបើជាផលិតផលទាំងអស់នោះ មានច្បាប់ត្រឹមត្រូវ នោះគេមិនខ្លាចនឹងទិញ សំខាន់ គឺត្រូវតែជាផលិតផលមានគណភាពល្អ ស្ថិតក្រោមច្បាប់ត្រឹមត្រូវ ហើយជាពិសេស គឺមានតម្លៃក្នុងការបង់ពន្ធជូនរដ្ឋ ជួយដល់សេដ្ឋកិច្ចជាតិយើងទៀតផង។
ចំពោះមុខសមាជិក ដែលចូលរួមប្រមាណ៤០០នាក់ ទីប្រឹក្សាក៏បានលើកទឹកចិត្តយុវជន យុវតីទាំងអស់ ដែលជាអ្នកលក់ តាមអនឡាញOnline ត្រូវចេះតស៊ូ ព្យាយាមប្រឹងប្រែងលក់ ដើម្បីផ្លាស់ប្ដូរជីវិត និងជីវភាពប្រសើរឡើង។
ដោយធ្លាប់ឆ្លងកាត់កិច្ចប្រជុំធុរកិច្ច ក្រៅប្រទេសច្រើនលោក ចង់ឱ្យបងប្អូនក្លាយជាសហគ្រិន និងក្លាយជាមនុស្សខ្លាំង ជាពិសេសស្ដ្រីខ្មែរយើង ឱ្យមានសមត្ថភាពខ្ពស់ ដើម្បីក្លាយជាអ្នកធុរកិច្ចដ៏ខ្លាំងមួយ ក្នុងប្រទេសកម្ពុជាយើង៕