ស្រ្តីអវកាសយានិកអាមេរិកវិលត្រឡប់ចុះមកកាន់ផែនដីវិញ ្រោយស្នាក់នៅនៅលើស្ថានីយអវកាសអន្តរជាតិប្រមាណជិត១ឆ្នាំ

btshotnews
វ៉ាស៊ីនតោន៖ អវកាសយានិកអាមេរិក លោកស្រី Christina Koch ត្រូវបានវិលត្រឡប់ចុះពីស្ថានីយអវកាសអន្តរជាតិ ISS មកកាន់ផែនដីវិញ ក្រោយស្នាក់នៅទីនោះអស់រយៈពេលប្រមាណជិត១ឆ្នាំ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CNA នៅវេលាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែកុម្ភៈឆ្នាំ២០២០នឹះ។
លោកស្រី Koch វ័យ៤១ឆ្នាំ បានឡើងជិះយាន Soyuz របស់រុស្ស៊ី ដែលចតនៅស្ថានីយ ISS ជាមួយអវកាសយានិកពីរនាក់ទៀត ហើយ ចាកចេញមកផ្ទៃផែនដីវិញ ក្រោយការស្នាក់នៅទីនោះបានរយៈពេលសរុប៣២៨ថ្ងៃ។ ការស្ថិត នៅក្នុងស្ថានីយអវកាស ISS បានយូរបែបនេះ ធ្វើឲ្យលោកស្រីបំបែកកំណត់ត្រាចាស់របស់ស្រ្តីអវកាសយានិក NASA ម្នាក់ទៀតគឺលោកស្រី Peggy Whitson។
លោកស្រី Koch ក៏សម្រេចបាននូវជោគជ័យមួយក្នុងការលើកកម្ពស់យេនឌ័រក្នុងវិស័យអវកាសផងដែរ គឺតាមរយៈការចេញបេសកកម្ម បណ្តែតខ្លួននៅទីអវកាស (Spacewalk) ដែលប្រព្រឹត្តទៅដោយអវកាសយានិកជាស្រ្តីសុទ្ធ កាលពីខែតុលា ឆ្នាំ២០១៩ គឺពុំធ្លាប់មានពីមុនមកឡើយនោះ ។ កាលនោះស្រ្តីអវកាសយានិកម្នាក់ទៀតគឺលោកស្រី Jessica Meir។
សូមជម្រាបថា បេសកកម្មរបស់លោកស្រី Koch នឹងផ្តល់ឲ្យក្រុមអ្នកវិទ្យាសាស្រ្តរបស់អង្គការ NASA នូវព័ត៌មានដ៏មានតម្លៃ ស្តីពីឥទ្ធិពលនៃ ភាពគ្មានកម្លាំងទំនាញ និងវិទ្យុសកម្មពីទីអវកាស អាចមានទៅលើរូបរាងកាយរបស់មនុស្សស្រី កំឡុងការស្នាក់រយៈពេលវែងក្នុងទីអវកាស ។ កន្លងមកតាមរយៈបេសកកម្មរយៈពេល៣៤០ថ្ងៃរបស់អវកាសយានិកអាមេរិក លោក Scott Kelly ទីភ្នាក់ងារអវកាស NASA បានរកឃើញ ឥទ្ធិពលមួយចំនួនដែលការស្នាក់ក្នុងទីអវកាសរយៈពេលយូរ អាចបង្កឡើងលើរូបរាងកាយមនុស្សប្រុស ប៉ុន្តែវាមិនមានការប៉ះពាល់ធ្ងន់ធ្ងរ ខ្លាំងឡើយ៕