មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា រួមគ្នាជាមួយអាជ្ញាធរខេត្តព្រះវិហារ បានផ្ដល់ថវិការ សម្រាប់សាងសង់ស្ពាន តភ្ជាប់ផ្លូវចូលទៅកាន់ដែនជម្រកសត្វព្រៃភ្នំត្នោត ភ្នំពក ក្រោយស្ពានឈើនៅតំបន់ដាច់ស្រយាលនោះ បានរងការឆេះព្រៃ នាពេលកន្លងទៅថ្មីៗនេះ !

btshotnews
ខេត្តព្រះវិហារ៖ ក្រសួងបរិស្ថាន នាពេលកន្លងមក បានចំណាយថវិកា ក្នុងការសាងសង់ស្ពានឈើ៤កន្លែង ដើម្បីតភ្ជាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅក្នុងតំបន់ ជាពិសេស អ្នកការពារសត្វព្រៃ និងព្រៃឈើ នៃដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ដែលត្រូវធ្វើដំណើរទៅកាន់ទីនោះ។ ប៉ុន្តែ ស្ពានឈើទាំង៤កន្លែងនោះ បានរងការឆេះភ្លើងព្រៃជាបន្តបន្ទាប់ និងនៅក្នុងពេលនេះ ក្រសួងបរិស្ថាន ក្រសួងសាធារណការ និងដឹកជញ្ជូន ប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយខេត្តព្រះវិហារ និងគណៈអភិបាលខេត្តព្រះវិហារ បានចំណាយថវិកា សម្រាប់ទ្រទ្រង់ និងសាងសង់ស្ពាននេះឡើងវិញ។
ស្ពានឈើដែលរងការឆេះភ្លើងព្រៃនាពេលកន្លងមក និងកំពុងដំណើរការសាងសង់ស្ពានដែកឡើងវិញ ដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារនោះ ស្ថិតនៅក្នុងភូមិត្រពាំងធ្លក ឃុំស្តៅ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។
ស្ពានទាំង៤កន្លែង ដែលរងការឆេះភ្លើងនេះ បានរងការសង្ស័យថា អាចមកពីមានមនុស្សលួចដុត និងការឆេះមកពីភ្លើងឆេះព្រៃ។ ហើយក្រសួងបរិស្ថាន បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន ចាត់វិធានការឲ្យបានតឹងរឹងបំផុត ក្នុងការវែកមុខរកជនល្មើស ដែលបានលួចដុតស្ពានទាំងនេះ។
ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ លោក សំ លាងទ្រី បានមានប្រសាសន៍ឲ្យដឹងថា ស្ពានដែលកំពុងដំណើរការសាងសង់ថ្មីនេះ គឺជាស្ពានដែកបាឡេត៍ មានប្រវែង ៤៨ម៉ែត្រ និងទទឹងជាង ៤ម៉ែត្រ សសរ និងតួស្ពានធ្វើពីដែក និងក្រាលឈើ។ លោកថា ថវិកាសម្រាប់ដំណើរការសាងសង់ស្ពានដែកនេះ គឺមន្ទីរទទួលបានការជួយឧបត្ថម្ភ ពីប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយខេត្តព្រះវិហារ លោកទេសរដ្ឋមន្ត្រី មាស សុភា, រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល, រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ និងអភិបាលខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ ។ លោកប្រធាន បានថ្លែងបញ្ជាក់ថា នៅក្នុងពេលនេះ ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត កំពុងចាប់ផ្តើមដំណើរការ សាងសង់ស្ពានដែកបាឡេត៍នេះហើយ។ លោកបន្តថា ស្ពាននេះអាចនឹងបញ្ចប់ក្នុងការសាងសង់ នៅក្នុងរយៈពេលរវាង ៧ថ្ងៃទៀតខាងមុខនេះ។
ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក គឺស្ថិតនៅក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ និងខេត្តសៀមរាម ដែនជម្រកមានទំហំផ្ទៃដី សរុប ៤ម៉ឺន ២ពាន់៩៧ហិកតា សំបូរទៅដោយសត្វព្រៃ ព្រៃឈើ ធនធានធម្មជាតិ និងជីវៈចម្រុះជាច្រើនប្រភេទ។
លោក បេន ដាវីស បានទទួលការអនុញ្ញាតពីក្រសួងបរិស្ថាន គ្រប់គ្រង និងអភិរក្សដែនជម្រកសត្វព្រៃនេះ លើទំហំផ្ទៃដីជាង៧ពាន់ហិកតា ដែលមានសក្តានុពលធនធានធម្មជាតិ និងជីវៈចម្រុះគ្រប់ប្រភេទ។ ទន្ទឹមនឹងផ្តល់កិច្ចសហការ អភិរក្សធនធានធម្មជាតិ នៅក្នុងតំបន់នោះ ក្រសួងបរិស្ថាន តាមរយៈមូលនិធិបរិស្ថាន និងសង្គម បានផ្តល់កញ្ចប់ថវិកា ២ម៉ឺនដុល្លារអាមេរិក ក្នុងមួយឆ្នាំ សម្រាប់រយៈពេល ៥ឆ្នាំ ដោយបានចាប់ផ្តើមអនុវត្ត ពីដើមឆ្នាំ២០១៩នោះមក ដើម្បីលោក បេន ដាវីស ប្រើប្រាស់ក្នុងការងារគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិ នៅក្នុងដែនជម្រកសត្វព្រៃ ភ្នំត្នោត-ភ្នំពកនេះ។ ហើយនៅក្នុងរយះពេល ២ឆ្នាំចុងក្រោយនេះ ក្រសួងបរិស្ថាន បានចំណាយថវិកា សាងសង់ស្ពានឈើ ចំនួន ៤កន្លែង នៅតាមបណ្តោយផ្លូវសហគមន៍ សម្រាប់ឆ្លងចូលទៅកាន់ ដែនជម្រកសត្វភ្នំត្នោត-ភ្នំពក ដោយស្ពាននីមួយៗ មានប្រវែង ៥០ម៉ែត្រ ឬអាចវែងជាងនេះ។
លោក សំ លាងទ្រី បានថ្លែងដោយសម្តែង នូវសមានចិត្តសប្បាយរីករាយ និងក្នុងនាមមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ សូមថ្លែងអំណរគុណជាពន្លឹក ចំពោះរដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល ប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តព្រះវិហារ ឯកឧត្តម ទេសរដ្ឋមន្ត្រី មាស សុភា និងអភិបាលខេត្តព្រះវិហារ ឯកឧត្តម ប្រាក់ សុវណ្ណ ដែលបានយកចិត្តទុកដាក់ និងចិត្តស្រឡាញ់ធនធានធម្មជាតិ ហើយបានឧបត្ថម្ភថវិកាគាំទ្រ ការងារសាងសង់ស្ពានដែកបាឡេត៍ តភ្ជាប់ផ្លូវចូលទៅកាន់ ដែនជំរកសត្វព្រៃភ្នំត្នោត-ភ្នំពក នាពេលនេះ។ លោកបានចាត់ទុក ការជួយឧបត្ថម្ភថវិកា របស់ថ្នាក់ដឹកនាំនៅក្នុងពេលនេះ គឺជាការរួមចំណែកមួយយ៉ាងសំខាន់ ក្នុងគ្រាដែលស្ថានភាព កំពុងជួបហានិភ័យ៕