ឆ្មក់បង្ក្រាបទីតាំងស្តុកឈើខុសច្បាប់មួយកន្លែង ដកហូតឈើបានប្រហែលប្រមាណ២០ម៉ែត្រគូប ក្នុងស្រុកជ័យសែន នៃដែនដីខេត្តព្រះវិហារ

btshotnews
ព្រះវិហារ ៖ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ សហការជាមួយមន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើត្បែងមានជ័យ ចុះបង្រ្កាបទីតាំងសន្និធិឈើខុសច្បាប់មួយកន្លែង នៅចំណុចភូមិបុស្សធំ ឃុំប្រមេរុ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។ ជាមួយគ្នានោះ កម្លាំងបានធ្វើការរឹបអូសឈើប្រភេទលេខ២ បានប្រមាណ២០ម៉ែត្រគូប។
មន្ត្រីអាវុធហត្ថខេត្តមួយរូប បានថ្លែងប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០នេះថា ដោយអនុវត្តន៍តាមបទបញ្ជានាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិបង្រ្កាបបទល្មើសធនធានធម្មជាតិ ក៏ដូចជាបទបញ្ជាលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ និងជាប្រធាន គណៈបញ្ជាការឯកភាពខេត្ត លោកឧត្តមសេនីយ៍ត្រី កង សៅគុណ តែងដាក់បទបញ្ជាមន្ត្រីអាវុធហត្ថតាមបណ្តាស្រុក ក្រុង និងស្នាក់ការសន្តិសុខ ត្រូវយកចិត្តទុកដាក់បង្រ្កាប បទល្មើសធនធានធម្មជាតិដូចភ្លៀងរលឹមនិងអោយមានប្រសិទ្ធិភាព។
ជាក់ស្តែង កាលពីរសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការកងរាជអាវុធហត្ថព្រះវិហារ បានដឹកនាំកម្លាំងកងរាជអាវុធហត្ថស្រុកត្បែងមានជ័យ សហការជាមួយជំនាញរដ្ឋបាលព្រៃឈើ បានចុះបង្រ្កាបទីតាំងសន្និធិឈើខុសច្បាប់មួយកន្លែង ខណៈដែលឈ្មួញបំរុងលើកឡើងរថយន្តនៅចំណុចទីតាំងខាងលើ។
បច្ចុប្បន្ន ឈើដែលដកហូតបាន ត្រូវបានធ្វើការដឹកជញ្ជូនយកទៅរក្សាទុក នៅផ្នែករដ្ឋបាលព្រៃឈើត្បែងមានជ័យ ដើម្បីធ្វើការវាស់វែងចំនួនពិតប្រាកដ៕