រដ្ឋមន្ត្រីនៃក្រសួងកិច្ចការនារី អញ្ជើញចូលរួមអបអរសាទរ ទិវាអន្តរជាតិនារី០៨មិនាដេីម្បីលេីកទឹកចិត្តស្រីជាគ្រូបង្រៀននិងមន្រី្តរាជការ ក្នុងខណ្ឌកំបូល

btshotnews
ភ្នំពេញ៖ ដើម្បីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ខួបលើកទី១០៩ ឆ្នាំ២០២០ លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីនៃក្រសួងកិច្ចការនារី នៅវេលាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០នេះ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយស្ត្រី ជាមន្ត្រីនគរបាល គ្រូបង្រៀន និងមន្ត្រីស៊ីវិលសង្កាត់ ខណ្ឌជាង៤០០នាក់ទផតផង។
ពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា លើកទី១០៩ ក្នុងឆ្នាំ២០២០នេះ បានប្រារព្ធធ្វើឡើងក្រោមប្រធានបទ «មានសន្តិភាព មានការលើកកម្ពស់ មានសមភាពយេនឌ័រ» ដែលបង្ហាញឲ្យឃើញពីការដើរតួនាទីយ៉ាងសំខាន់ របស់សុខសន្តិភាព នៅក្នុងសង្គមជាតិ ជាពិសេសសុខសន្តិភាពនេះ បានចូលរួមចំណែកជួយដល់ ការលើកកម្ពស់សិទ្ធិ សេរីភាពរបស់ស្ត្រី និងជួយឲ្យស្ត្រីមានតម្លៃកាន់តែខ្ពស់ឡើង នៅក្នុងសង្គម។
ការធ្វើពិធីនេះឡើងប្រព្រឹត្តទៅនៅសាលាខណ្ឌកំបូល ដែលមានការចូលរួមពីសំណាក់ លោក ឃឹម ស៊ុនសូដា ជាអភិបាលខណ្ឌកំបូល និងភរិយា, លោក លោកស្រី ដែលជាអភិបាលរងខណ្ឌ នាយក នាយករងរដ្ឋបានខណ្ឌ ស្រ្តីជាមន្ត្រីរាជការស៊ីវិល សាលាសង្កាត់ សាលាខណ្ឌ និង អ្នកគ្រូបឋមសិក្សា និងវិទ្យាល័យ ទូរទាំងខណ្ឌបូល។
លោកស្រី អ៊ឹង កន្ថាផាវី បានថ្លែងលើកឡើងថា លោកស្រី ពិតជារីករាយដែលបានអញ្ជើញចូលរួមអបអរសាទរខួបលើកទី១០៩ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២០ នាពេលនេះ។ លោកស្រីរដ្ឋមន្ត្រី បានថ្លែងអំណរព្រះគុណ និងថ្វាយព្រះពរជ័យសេរីមង្គល សម្តេចព្រះវររាជមាតាជាតិខ្មែរ និងព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលព្រះអង្គទាំងទ្វេតែងតែយកព្រះទ័យទុក្ខដាក់អំពីសុខទុក្ខ នឹងជីវភាពរបស់កូនចៅ ពិសេសការលើកកម្ពស់សមភាពយែនឌ័ររបស់ស្ត្រី និងក្មេងស្រីកម្ពុជា។
លោកស្រី អ៊ឹង កន្ថាផាវី បានថ្លែងថា សម្តេចតេជោ នាយករដ្ឋមន្ត្រី បានកោតសរសើរក្រសួងកិច្ចការនារី ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ក្រសួងស្ថាប័នពាក់ព័ន្ធ វិស័យឯកជន សង្គមស៊ីវិល និងដៃគូរអភិវឌ្ឍន៍ជាតិ អន្តរជាតិទាំងអស់ ដែលបានរួមចំណែកគាំទ្រការលើកម្ពស់ស្ថានភាព ជីវភាព សិទ្ធិ ឋានៈតួនាទី សុខមាលភាព ស្ត្រី និងកុមារ និងការផ្តល់សេវាកម្មជួយជនរងគ្រោះ ដោយអំពើហឹង្សាប្រកបដោយគុណភាព និងប្រសិទ្ធភាព។
លោកស្រី អ៊ឹង កន្ថាផាវី បាននាំនូវការផ្តាំផ្ញើររបស់សម្ដេចតេជោ ហ៊ុន សែន ដែលអំពាវនាវដល់គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល វិស័យឯកជន និងជនរួមជាតិទាំងអស់អនុវត្តនូវចំណុចសំខាន់ៗ ចំនួន០៧ ដូចខាងក្រោម៖
*ទី១.ត្រូវរួមគ្នាយកចិត្តទុកដាក់ តាមរយៈការផ្តល់អាទិភាព ចំពោះការបង្កើនចំនួនស្ត្រីដែលមានតួនាទីជាថ្នាក់ដឹកនាំ នៅតាមវិស័យផ្សេងៗ និងគ្រប់កម្រិត។
*ទី២. ត្រូវរួមគ្នាពង្រឹងការអនុវត្តច្បាប់ និងត្រូវពន្លឿនដំណើរការកាត់ក្តីស្រី្ត ដែលជាប់ទោសឲ្យទាន់ពេលវេលា។ គ្រប់គ្រងការប្រើប្រាស់ប្រព័ន្ធ Internet នៅទូទាំងប្រទេសឲ្យមានប្រសិទ្ធភាព ដើម្បីទប់ស្កាត់បញ្ហាជាច្រើន ដែលពាក់ព័ន្ធទៅនឹងអំពើហិង្សា ការកេងប្រវ័ញ្ញលើស្ត្រី និងក្មេងស្រីតាមប្រព័ន្ធ Internet និងបណ្ដាញផ្សព្វផ្សាយជាច្រើន ដែលធ្វើឲ្យបាត់សណ្ដាប់ធ្នាប់សង្គម។
*ទី៣. ក្រសួងអប់រំ យុវជន និងកីឡា ត្រូវធ្វើការណែនាំដល់គ្រប់ក្រសួងស្ថាប័នទាំងអស់ ឲ្យអនុវត្តវិន័យ ផ្ដល់ឱកាសដល់ក្មេងស្រីនៅគ្រប់កម្រិត ជាពិសេសឪពុក ម្តាយ អប់រំ កូនចៅឲ្យមានសីលធម៌ល្អនៅក្នុងសង្គម។
*ទី៤.ត្រូវបន្តការវិយោគលើការសិក្សារបស់ក្មេងស្រី នៅគ្រប់កម្រិតសិក្សា ជាពិសេសក្នុងជំនាញវិទ្យាសាស្ត្រ បច្ចេកវិទ្យា ដើម្បីឲ្យដើរទាន់សម័យបច្ចេកវិទ្យាជឿនលឿន នៃសង្គមជាតិ។
*ទី៥.ក្រសួងវប្បធម៌ ក្រសួងព័ត៌មាន និងបណ្តាញផ្សព្វផ្សាយទាំងអស់ត្រូវបន្តពង្រឹង និងលើកកម្ពស់សីលធម៌សង្គមតម្លៃស្ត្រី និងគ្រួសារខ្មែរ តាមរយៈការបង្កើតកម្មវិធីអប់រំ ដែលបង្ហាញអំពីអត្តសញ្ញាណស្ត្រីខ្មែរ ជាពិសេសតាមរយៈ ការស្លៀកពាក់ប្រកបដោយភាពថ្លៃថ្នូរ និងមានលក្ខណៈជាស្ត្រីខ្មែរ។
*ទី៦. រួមគ្នាទប់ស្កាត់ ការចម្លងមេរោគអេដស៍ថ្មី និងកុំឲ្យមានការរើសអើង ស្ត្រីផ្សព្វផ្សាយស្រាបៀ រួមទាំងអ្នកស្រឡាញ់ភេទដូចគ្នា។
*ទី៧.សម្តេចតេជោ បន្តអំពាវនាវដល់ប្រជាពលរដ្ឋទាក់ទងទៅនឹងជំងឺ កូវីដ-១៩ ទោះបីជាប្រទេសកម្ពុជា មិនមានជំងឺនេះក៏ដោយ ក៏បងប្អូនប្រជាពលរដ្ឋ ត្រូវតែចូលរួមថែរក្សាសុខភាពឲ្យបានល្អប្រសើរ តាមរយៈការធ្វើអនាម័យតាមការណែនាំ របស់ក្រសួងសុខាភិបាល។ ជម្រើសនៃការភ័យខ្លាច មិនមែនជាជម្រើសល្អនោះទេ ផ្ទុយទៅវិញ ការថែរក្សាសុខភាព គឺជាជម្រើសដ៏ល្អដើម្បីទប់ស្កាត់នៃជំងឺនេះ៕