ប្រជាពលរដ្ឋចាស់ជរាគ្មានទីពឹង រស់នៅក្នុងក្រុងសំរោង នៃដែនដីខេត្តឧត្តរមានជ័យ ទទួលបានអំណោយមនុស្សធម៌ពីកាកក្របបាទក្រហមកម្ពុជា

btshotnews
ឧត្តរមានជ័យ៖ លោក ឃិន ញ៉ាណ អភិបាលរងខេត្តឧត្តរមានជ័យ និងជាអនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យ និងក្រុមការងារ តំណាងឱ្យលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ និងជាប្រធានគណៈកម្មការសាខាកាកបាទក្រហមកម្ពុជាខេត្តឧត្តរមានជ័យ កាលពីវេលារសៀលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ម្សិលមិញនេះ បាននាំយកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចុះចែកជូនប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ចំនួន០៨គ្រួសារ រស់នៅភូមិពុល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
លោក ឃិន ញ៉ាណ បានថ្លែងពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោក ប៉ែន កុសល្យ ដែលជានិច្ចជាកាលតែងយកចិត្តទុកដាក់គិតគូរជានិច្ចអំពីសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋក្រីក្រ ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយ ក្មេងកំព្រា ក៏ដូចជាប្រជាពលរដ្ឋងាយរងគ្រោះផ្សេងទៀត។
លោក ឃិន ញ៉ាណ ក៏បានថ្លែងផ្តាំផ្ញើឱ្យប្រជាពលរដ្ឋត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព អនាម័យឱ្យបានល្អ និងកុំមានការអស់សង្ឃឹមឱ្យសោះ ព្រោះរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងកាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន មិនទុកឱ្យប្រជាពលរដ្ឋខ្មែរ ណាម្នាក់រស់នៅដោយភាពលំបាកវេទនានោះទេ ទន្ទឹមនឹងនោះត្រូវខិតខំបង្កបង្កើនផលដាំដំណាំរួមផ្សំផ្សេងៗ ដើម្បីលើកស្ទួយជីវភាពគ្រួសារឱ្យកាន់តែប្រសើរ ឡើងថែមទៀត៕