អភិបាលដែនដីនៃខេត្តកំពង់ចាម ជំរុញដល់ប្រជាពលរដ្ឋបង្កេីនការប្រុងប្រយ័ត្នចំពោះគ្រោះអគ្គីភ័យ ជាពិសេសក្នុងរដូវរាំងស្ងួតនេះ

btshotnews
កំពង់ចាម៖ ក្នុងពិធីអបអរសាទរទិវាជាតិ បង្ការ និងពន្លត់អគ្គីភ័យ នៅវេលាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០នេះ ស្ថិតនៅភូមិចក្រី ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ សូមបង្កើនការប្រុងប្រយ័ត្នដើម្បីកុំឲ្យមានគ្រោះអគ្គីភ័យ ព្រោះរដូវនេះ ជារដូវរាំងស្ងួតហួតហែង ដែលជាប្រការធ្វើឲ្យងាយរងគ្រោះដោយសារអគ្គិភ័យនេះ។
លោកអភិបាលខេត្តកំពង់ចាម បានឲ្យដឹងទៀតថា តាមរបាយការណ៍អំពីហេតុការណ៍គ្រោះអគ្គីភ័យឆ្នាំ២០១៩ និងក្នុងត្រីមាសទី១ ដើមឆ្នាំ២០២០ នៅទូទាំងខេត្តកំពង់ចាម មានអត្រាគ្រោះអគ្គីភ័យកើតមានឡើងរហូតដល់ចំនួន ៤៩ករណី បណ្ដាលឲ្យស្លាប់មនុស្ស១នាក់ របួសមនុស្សចំនួន២នាក់ ឆេះផ្ទះ៥៧ខ្នង ខូចខាតជាទឹកប្រាក់សរុប ជាង ៨០០លានរៀល បើប្រៀបធៀបទៅនឹងឆ្នាំ២០១៨ មានការកើនឡើង១៧លើក។
ជាមួយគ្នានោះលោក អ៊ុន ចាន់ដា បានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋ ផ្តោតការយកចិត្តទុកដាក់ជាពិសេសទៅលើបញ្ហាអគ្គីភ័យនេះ ជាកិច្ចការអាទិភាពមួយទៀត សម្រាប់យើងទាំងអស់គ្នា ព្រោះថាប្រសិនបើមានអគ្គីភ័យកើតឡើងនោះការខូចខាតពិតជាមានទំហំ មិនអាចប៉ាន់ប្រមាណបានឡើយ ដូចសុភាសិតមួយ បានលើកឡើងថា (ស៊ូស្លាប់បាកុំឲ្យស្លាប់មេ ស៊ូលិចទូកកណ្តាលទន្លេ កុំឲ្យតែភ្លើងឆេះផ្ទះ)។
ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានឱ្យដឹងដែរថា ដើម្បីទប់ស្កាត់គ្រោះអគ្គិភ័យដែលកើតឡើងដោយចៃដន្យ សមត្ថកិច្ចជំនាញ ត្រូវអនុវត្តដូចជា៖ ផែនគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងអគ្គិភ័យ ត្រូវយកចិត្តទុកដាក់គ្រប់គ្រង និងណែនាំដល់ការិយាល័យជំនាញ និងអធិការដ្ឋាន នគរបាលក្រុង -ស្រុក ឱ្យត្រៀមលក្ខណៈបម្រុងទុកជាមុនក្នុងការជួយសង្គ្រោះឱ្យបានទាន់ពេលវេលា។
ឧត្តមសេនីយ៍ទោ ឯម កុសល បានថ្លែងបន្ថែមថា ចំណែកលោកអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំង១០ ត្រូវយកចិត្តទុកដាក់ចាត់តាំងមន្ត្រីចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ភូមិ-ឃុំ/សង្កាត់ ឱ្យមានការប្រុងប្រយ័ត្នជាមុនការពារគ្រោះអគ្គីភ័យ ដោយខិតខំជំរុញចលនាឱ្យបងប្អូន មានការប្រុងប្រយ័ត្ននូវបញ្ហាភ្លើងផ្សែង តាមរយៈការប្រើប្រាស់ភ្លើងចង្ក្រាន ការដុតទៀន ធូប ចរន្តអគ្គិសនី ជាតិគីមី ឧស្ម័នផ្ទុះ (ចង្ក្រានហ្គាស និងកំប៉ុងហ្គាស)ជាដើម និងត្រូវមានទឹកបម្រុងទុកជាប្រចាំផងដែរ។
ដោយឡែកនៅតំបន់ទីផ្សារ ចាំបាច់ត្រូវរៀបចំសណ្តាប់ធ្នាប់ដល់អ្នកលក់ដូរ តូបលក់ដូរ ត្រូវត្រួតពិនិត្យខ្សែភ្លើងអគ្គិសនី និងមានទឹកគ្រប់គ្រាន់នៅជិតៗឱ្យបានច្រើន មានម៉ាស៊ីនបូមទឹក មានទុយោរក្សាទុកសម្រាប់ត្រៀមលក្ខណៈពេលមានអគ្គិភ័យកើតឡើងជាយថាហេតុ៕