ទេសរដ្ឋមន្ត្រី គន់ គីម ណែនាំឲ្យត្រៀមលក្ខណៈជាមុន ដេីម្បីសង្គ្រោះប្រជាពលរដ្ឋពេលមានគ្រោះមហន្តរាយ

btshotnews
ព្រះសីហនុ៖ នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ដរាយ ជំរុញឲ្យថ្នាក់ក្រោមជាតិ និងថ្នាក់មូលដ្ឋានទាំងអស់ ត្រូវពង្រឹងយន្តការគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះ បានទាន់ពេលវេលា។
ការថ្លែងរបស់ទេសរដ្ឋមន្ដ្រី គន់ គីម បានធ្វើឡើងនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ម្សិលមិញនេះក្នុងគ្រាដែលលោក ទេសរដ្ឋមន្ត្រី អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០១៩ និងទិសដៅការងារ ឆ្នាំ២០២០ ដែលទេសរដ្ឋមន្ដ្រី ក៏បាននាំនូវសេចក្តីនឹករលឹក និងការសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់សមាជិកអង្គប្រជុំទាំងមូលផងដែរ។
តាមរបាយការណ៍របស់ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ឆ្នាំ២០១៩នេះ ខេត្តទទួលរងជំនន់ទឹកភ្លៀងប៉ះពាល់ប្រជាជន១,៧៣៦គ្រួសារ លិចផ្ទះ៩៣៧ខ្នង រលំបាក់អាគារ ជាន់កាលពីថ្ងៃ២២ ខែមិថុនា ឆ្នាំ២០១៩ បណ្តាលឲ្យរងរបួស២៦នាក់ និងស្លាប់២៨នាក់។
ក្នុងគ្រានេះដែរ ទេសរដ្ឋមន្ដ្រី គន់ គីម បានជំរុញឲ្យលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បន្តរៀបចំកែសម្រួលរចនាសម្ព័ន្ធ គ្រប់គ្រងគ្រោះមហន្តរាយ នៅថ្នាក់មូលដ្ឋានឲ្យបានឆាប់ និងកសាងផែនការត្រៀមបម្រុង សម្រាប់ឆ្លើយតបពេលមានគ្រោះមហន្តរាយ និងណែនាំប្រជាជនឲ្យបង្ការអគ្គីភ័យ នៅក្នុងរដូវប្រាំងដែលងាយកើតមាន ព្រមទាំងចេះថែរក្សាសុខភាពការពារខ្លួន ពីជំងឺឆ្លងនានា។
ទេសរដ្ឋមន្ដ្រី គន់ គីម ក៏បានថ្លែងលើកសរសើរដល់ការកិច្ចសហការគ្នា រវាងអាជ្ញាធរគ្រប់ថ្នាក់ មន្ទីរ ការិយាល័យពាក់ព័ន្ធ និងអង្គការជាដៃគូ នៅក្នុងខេត្តដែលបានរួមគ្នាដោះស្រាយ ឆ្លើយតបបានទាន់ពេលវេលាពេលមានហេតុការណ៍៕