អាជ្ញាធរខេត្តព្រះវិហារ ជំរុញដល់អ្នកពាក់ព័ន្ធទាំងអស់ ពិសេសស្រទាប់យុវជន ត្រូវចូលរួមទទួលខុសត្រូវ ក្នុងការអភិរក្ស និងអភិវឌ្ឍន៍វប្បធម៌ជាតិ ដេីម្បីលេីកស្ទួយវប្បធម៌ចំរុះរបស់កម្ពុជា ឲ្យទទួលបាននូវវឌ្ឍនភាព និងប្រកបដោយនិរន្តរភាព

btshotnews
អភិបាលរងខេត្តព្រះវិហារ លោកស្រី ចឹក ហេង បានមានប្រសាសន៍បែបនេះ នៅក្នុងពេលដែលលោកស្រី បានអញ្ជើញជាអធិបតី ក្នុងការប្រារព្ធពិធីអបអរសាទរខួបលើកទី២២ ទិវាវប្បធម៌ជាតិ ៣មីនា ឆ្នាំ២០២០ ក្រោមប្រធានបទ “យុវជនដើម្បីវប្បធម៌ជាតិ” ។ ពិធីនេះបានធ្វើឡើងនៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បះ ខេត្តព្រះវិហារ នាថ្ងៃទី១៧មីនាម្សិលមិញ ដោយមានការចូលរួមពីមន្ត្រីខេត្ត ក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ព្រមទាំងលោក លោកស្រី ប្រធាន-អនុប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ និងយុវជនយ៉ាងច្រើនកុះករ ផងទៀត។
ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បញខេត្តព្រះវិហារ លោក នៅ ចាន់គង់ បានឲ្យដឹងថា ខេត្តព្រះវិហារ មានប្រាសាទបុរាណ ចំនួន ២៨៦កន្លែង, ស្រះបុរាណ ១២៨កន្លែង, ទួលបុរាណ ៨៤កន្លែង, គ្រឹះ ៣១កន្លែង, រហាល ២កន្លែង, បឹងបុរាណ ៦កន្លែង, ស្ពានបុរាណ ១០កន្លែង, ឡស្លដែក ២៤កន្លែង និងរមណីយដ្ឋានធម្មជាតិ ៣កន្លែង ផងដែរ៕