អំពើហឹង្សាក្នុងគ្រួសារ ឈានដល់ចាក់សាំងដុតផ្ទះខ្លួនឯង អភិបាលខេត្តព្រះវិហារ ដឹកនាំកម្លាំងចុះអន្តរាគមន៍ទាំងយប់

btshotnews
ព្រះវិហារ៖ ផ្ទះមួយខ្នងត្រូវបានអគ្គិភ័យ ឆាបឆេះបណ្តាលឲ្យខូចខាតទាំងស្រុង ករណីនេះបណ្តាលមកពីមានអំពើហិឹង្សាក្នុងគ្រួសារ ប្តីទ្រាំមិនបានចាក់សាំងដុតខ្លួនឯង។
ហេតុការណ៍គួរឲ្យហួសចិត្តនេះ បានកើតឡើងកាលពីវេលាម៉ោង ៨:៣០នាទីយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ ម្សិលមិញនេះ ស្ថិតក្នុងភូមិទួលទំនប់ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
លោកវរសេនីយ៍ឯក ឆៅ វុទ្ធា អធិការនគរបាលក្រុងព្រះវិហារ បានថ្លែងប្រាប់នៅវេលាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះថា មុនពេលកើតហេតុប្តីប្រពន្ធជាម្ចាស់ផ្ទះនេះ បានឈ្លោះប្រកែកគ្នា ក្រោយពីឈ្លោះប្រកែកគ្នារួចប្រពន្ធក៏ដើរចេញក្រៅទៅផ្ទះបងប្អូន ធ្វើឲ្យប្តីឡើងកំហឹងរហូត ១០០អង្សាសេ ក៏ទាញដបប្រេងសាំងយកមកចាក់ស្រោចដុតផ្ទះខ្លួនឯង បណ្តាលឲ្យឆេះសន្ធោរសន្ធៅតែម្តងក្នុងគ្រានោះ។
ក្រោយហេតុការណ៍កើតឡើងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ រួមជាមួយថ្នាក់ដឹកនាំខេត្ត បានអញ្ជើញចុះមកពិនិត្យមើលផ្ទាល់ដល់កន្លែងកើតហេតុ ធ្វើការអន្តរាគមន៍ដើម្បីកុំឲ្យឆាបឆេះ ដល់ផ្ទះ ប្រជាពលរដ្ឋជិតខាង។
លោក ឆៅ វុទ្ធា បានថ្លែងថា ក្នុងហេតុការណ៍គ្រោះអគ្គិភយ័នេះ សមត្ថកិច្ចបានចុះទៅអន្តរាគមន៍ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ៣គ្រឿង និងទឹកអស់ចំនួន ១៥០០០លីត្រ ទើបធ្វើឲ្យអគ្គិភ័យរលត់ទាំងស្រុងនៅវេលាម៉ោង ៩:៣០នាទីយប់ថ្ងៃខែឆ្នាំដ៏ដែល។
លោកអធិការក្រុងព្រះវិហារ បានថ្លែងបន្តថា ផ្ទះដែលរងការឆាបឆេះនេះ មានទំហ៊ំ៥ម x ១២ម ធ្វើអំពីឈើលាយឥដ្ឋប្រក់ស័ង្គសី ក្នុងនោះខូចខាតទ្រព្យសម្បត្តិរួមមាន៖ លុយខ្មែរ ១០លានរៀល ខ្សែកមាស ១តម្លឹង ខ្សែដៃមាស ៥ជី ក្រវិលផ្លាកទីន១គូរ គ្រែ៣ ទូកញ្ចក់១និងសម្ភារមួយចំនួនទៀត។ ដោយឡែក ជនសង្ស័យដែលជាអ្នកបង្កជាប្តីឈ្មោះ សេង ធី អាយុ៤១ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។
ដោយឡែក នៅវេលាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០នេះដែរ លោក ប្រាក់ សុវណ្ណ បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា រួមមាន សម្ភារប្រើប្រាស់ និងថវិកាជូនស្ត្រីរងគ្រោះជាម្ចាស់ផ្ទះទៀតផង៕