ភ្ញៀវទេសចរណ៍ខេត្តក្រចេះ កេីនឡើងជាង១០០% ក្នុងខែតុលាឆ្នាំ២០១៩ ក្រោយរៀបចំទិវាសត្វផ្សោតទន្លេមេគង្គ
ក្រចេះ ៖ ក្រោយរៀបចំទិវាសត្វផ្សោតទន្លេមេគង្គ រយៈពេល ៣ថ្ងៃ កាលពីថ្ងៃទី២៥-២៧ ខែតុលា ឆ្នាំ២០១៩ កន្លងទៅនាពេលថ្មីៗនេះ ភ្ញៀវទេសចរណ៍ដែលធ្វេីដំណេីរទៅទស្សនាកម្សាន្តនៅខេត្តក្រចេះ នាកំឡុងពេលខែតុលា ឆ្នាំ២០១៩នេះ មានការកើនឡើងក្នុងអត្រា ១០៩.៧% ក្នុងនោះមានប្រមាណជាង ៤ម៉ឺននាក់។
លោក ជួប រតនា ប្រធានមន្ទីរទេចរណ៍ខេត្តក្រចេះ បានថ្លែងនៅថ្ងៃទី៣១ខែតុលាឆ្នាំ២០១នេះ ថា ព្រឹត្តិការណ៍ខាងលើបានធ្វើឲ្យចំនួនទេសចរសរុបប្រចាំខែតុលា ឆ្នាំ២០១៩ មានកំណើនលើលការរំពឹងទុក ពោលគឺកើនឡើងក្នុងអត្រាប្រមាណ ១០៩.៧១% នៃចំនួនទេសចរណ៍សរុប ៤៣,៩៨៥នាក់ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិមានចំនួនសរុប ២,០៩៤រូប កើនឡើង ១៦% នេះបើប្រៀបធៀបជាមួយខែតុលា ឆ្នាំ២០១៨។
លោកបានថ្លែងបន្តជំហររៀបចំទិវាសត្វផ្សោតទន្លេមេគង្គសម្រាប់ ឆ្នាំ២០២០ ឲ្យកាន់តែអធិកអធមបន្ថែមទៀត និងគ្រោងរៀបចំកែលម្អរមណីយដ្ឋាន «អន្លង់ផ្សោតកាំពី» ឲ្យក្លាយជារមណីដ្ឋានស្តង់ដា និងជាមជ្ឈមណ្ឌលអប់រំជីវសាស្ត្រសត្វផ្សោតទន្លេមេគង្គលើកដំបូងនៅកម្ពុជា។
យោងតាមរបាយរណ៍របស់មន្ទីរទេសចរណ៍ខេត្តក្រចេះ ការប្រារព្ធទិវាសត្វផ្សោតទន្លេមេគង្គឆ្នាំ២០១៩ ដែលរៀបចំរយៈពេល៣ថ្ងៃ កាលពីថ្ងៃទី២៥-២៧ ខែតុលា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ មានភ្ញៀវទេសចរជាតិ-អន្តរជាតិមកទស្សនាកម្សាន្តសរុបប្រមាណ ៣៥,០០០នាក់ តាមរយៈការមកទស្សនាកម្សាន្តជាមួយសកម្មភាពទាក់ទាញនានា រួមមាន កម្មវិធីប្រគុំតន្ត្រី តាំងពិព័រណ៍ផលិតផលក្នុងស្រុក កម្មវិធីរត់ប្រណាំង ជិះកង់ ដាំដើមឈើ បោះតង់ ការសម្អាតក្រុង ការទស្សនាសត្វផ្សោត និងរមណីយដ្ឋាននានា ការប្រឡងប្រជែងគំនូរ និងការប្រកួតញ៉ាំក្រឡាន និងក្រូចថ្លុងជាដើម។
កម្មវិធីទិវាសត្វផ្សោតទន្លេមេគង្គ ឆ្នាំ២០១៩ ជាព្រឹត្តិការណ៍ទេសចរណ៍ដែលទទួលបានចំណាប់អារម្មណ៍ខ្លាំងពីសំណាក់ប្រជាពលរដ្ឋក្នុងខេត្ត និងភ្ញៀវទេសចរជាតិ-អន្តរជាតិនានា ក្នុងនោះក្រៅពីការកម្សាន្តសប្បាយ ភ្ញៀវទេសចរបានយល់ដឹងកាន់តែច្បាស់ពីជីវសាស្ត្ររបស់សត្វផ្សោតទន្លេមេគង្គ ដែលជាធនធានសត្វកម្រ ដែលកម្ពុជាកំពុងយកចិត្តទុកដាក់ការពារ និងអភិរក្ស ក៏ដូចជារៀបចំឲ្យកា្លយជាផលិតផលទេសចរណ៍មិនចេះរីងស្ងួត និងដ៏ទាក់ទាញសម្រាប់ខេត្តក្រចេះផងដែរ។
សូមជម្រាបថា តាមរយៈគម្រោងអភិរក្សសត្វផ្សោតរបស់អង្គការ WWF ជលផលកម្ពុជា និងរដ្ឋបាល ខេត្តក្រចេះ និងស្ទឹងត្រែង រហូតមកដល់បច្ចុប្បន្ននេះចំនួនសត្វផ្សោតទន្លេមេគង្គមានកំណើនប្រមាណ ១៥% ដោយមានចំនួន ៨០ក្បាល នៅឆ្នាំ២០១៥ និងកើនឡើងដល់ ៩២ក្បាល នៅឆ្នាំ២០១៧៕