ឥរិយាបថនយោបាយពិភពលោកកំពុងផ្ដោតការយកចិត្តទុកដាក់នូវ ព្រឹត្តិការណ៍បោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិករវាងលោកដូណាល់ ត្រាំ នឹងលោក ចូ បៃដិន !

btshotnews
វ៉ាស៊ីនតោន :ប្រធានាធិបតី ដូ ណាល់ ត្រាំ នឹងត្រូវបញ្ចប់អាណត្តិមកពីគណបក្សសាធារណរដ្ឋ និងលោកចូ បៃដិន (Joe Biden) មកពីគណបក្សប្រជាធិបតេយ្យ។ គិតមកទល់ត្រឹមថ្ងៃនេះ ម៉ោងនេះលទ្ធផលបង្ហាញថា លោកបៃដិន ទទួលការគាំទ្រចំនួន២៦៤ ស្របពេលលោកត្រាំ ទទួលបានត្រឹមតែ២១៤។ ពោលគឺ លោកត្រាំ ចាញ់អង្គបោះឆ្នោតរបស់លោកបៃដិនរហូត៥០ឯណោះ។ យើងរង់ចាំតាមដានបន្តនូវលទ្ធផលសម្រេចចុងក្រោយផ្លូការ ដើម្បីដឹងថា បេក្ខជនណានឹងមានវាសនាទទួលតំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិកទី៤៦។

* ឥរិយាបថនយោបាយរបស់គណបក្សប្រជាធិបតេយ្យរបស់លោកចូ បៃដិន :

ជាទូទៅ គណបក្សប្រជាធិបតេយ្យប្រកាន់ខ្ជាប់នូវសីលធម៌សង្គមកិច្ចបែបសង្គមនិយមដែលជាវប្បធម៌ចែករំលែកគ្នារស់។ សីលធម៌សង្គមកិច្ចមានដូចជា ជួយឧបត្ថមជនក្រីក្រ ការសម្រាលបន្ទុកថ្លៃព្យាបាលជម្ងឺ ការផ្តល់លិខិតស្នាមស្របច្បាប់ជូនជនអន្តោប្រវេសន៍ជាដើម។ ពោលគឺ ការងារមនុស្សធម៌។ ដោយឡែក នយោបាយការបរទេសភាគច្រើនគណបក្សនេះសម្របសម្រួលតាមសភាពជាក់ស្តែងដែលពុំនាំមកនូវបញ្ហាធំដុំគួរអោយព្រួយបារម្មណ៍ខ្លាំងឡើយ។ ចំណែកពាណិជ្ជកម្មក្រៅប្រទេស គឺប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យទំនាក់ទំនងស្ទើរមិនរើសមុខ ដោយផ្តោតលើផលប្រយោជន៍ទៅវិញទៅមក។

* ឥរិយាបថនយោបាយរបស់គណបក្សសាធារណរដ្ឋរបស់លោកដូណាល់ ត្រាំ :

ជាទូទៅ ខាងគណបក្សសាធារណរដ្ឋច្រើនផ្តល់់តម្លៃខ្ពស់លើក្រុមអភិជន ឬអ្នកមានទ្រព្យសម្បត្តិគ្រាក់ៗបែបមូលធននិយម។ ចំណែកសេដ្ឋកិច្ចជាតិភាគច្រើនលើសលប់បានមកពីការលក់អាវុធយុទ្ធភ័ណ្ឌសឹកទំនើបៗទៅបណ្តាប្រទេសមួយចំនួនកំពុងបន្តអូសបន្លាយសង្រ្គាមក្នុងស្រុក និងលក់ទៅប្រទេសមានជម្លោះជាមួយប្រទេសក្បែរខាង។ នយោបាយការបរទេសភាគច្រើនមានលក្ខណៈដាក់សម្ពាធ ឬបង្ខំ ជាជាងបញ្ចុះបញ្ចូល ឬសម្របសម្រួល។ មិនសូវខុសពីនយោបាយការបរទេស រីឯពាណិជ្ជកម្មក្រៅប្រទេសវិញ គឺការប្រើយុទ្ធសាស្រ្តវាយលុក ឬដាក់គំនាប ដូចជាសង្រ្គាមពាណិជ្ជកម្មជាមួយចិនជាដើម។

* ប្រសិនបើ :

ប្រសិនបើលោកដូណាល់ ត្រាំ ឈ្នះឆ្នោតបន្តដឹកនាំប្រទេស គឺសង្គមអាមេរិកអាចនឹងបែកបាក់ជាពីរក្រុមធំៗផ្សេងគ្នា ហើយវិប្បតិ្តសង្គមអាចចេញជារូបរាងអាក្រក់តែម្តង។ ចំណែកស្ថានការណ៍ពិភពលោកអាចកាន់តែអាក្រក់ទ្វេរដង ជាពិសេសជាមួយប្រទេសចិន។

ប្រសិនបើលោកចូរ បៃដិន ឈ្នះឆ្នោតដឹកនាំសហរដ្ឋអាមេរិក គឺលោកបៃដិន ត្រូវទទួលរងថ្មបាក់ដោះស្រាយវិប្បតិ្តកូវីដ-១៩ ដែលបានសម្លាប់ប្រជាជនអាមេរិកជាងពីរសែននាក់រយៈពេលមិនដល់១០ខែក្នុងឆ្នាំ២០២០នៃអាណត្តិរបស់លោកដូណាល់ ត្រាំ រួមទាំងអ្នកបានឆ្លង និងផ្ទុកមេរោគកូវីដរាប់លាននាក់ អ្នកបន្តស្លាប់រាប់រយនាក់ និងអ្នកបន្តឆ្លងរាប់ពាន់នាក់ជារៀងរាល់ថ្ងៃ។ ជាពិសេស លោកបៃដិន ត្រូវផ្សះផ្សារសង្គមជាតិអាមេរិកដោយសារការរើសអើង ប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និងការរើសអើងដទៃទៀត។ រីឯនយោបាយការបរទេស និងអន្តរជាតិមួយចំនួន គឺលោកបៃដិន អាចនឹងត្រូវតភ្ជាប់ឡើងវិញ ដែលកន្លងមករដ្ឋាភិបាលលោកត្រាំ បានលប់ចោលដោយឯកតោភាគីជាដើម។ ដោយឡែក លោកបៃដិន ទំនងតភ្ជាប់ផ្នែកពាណិជ្ជកម្មជាមួយចិនអោយល្អប្រសើរឡើងវិញ ប៉ុន្តែមិនកែប្រែជំហរនយោបាយនៃបញ្ហាប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅខេត្តសីុនចាង និងនៅទីបេឡើយ។ ប្រសិនបើទំនាក់ទំនងល្អប្រសើររវាងអាមេរិករបស់លោកបៃដិន និងប្រទេសចិន ក៏ជាឱកាសល្អសម្រាប់កម្ពុជាថ្ពក់ដៃធ្វើពាណិិជ្ជកម្មបន្តជាមួយចិនផងដែរ។

* ដោយឡែក ជំហររបស់សហរដ្ឋអាមេរិកចំពោះកម្ពុជាទំនងលោកបៃដិន នឹងបន្តនយោបាយពីលោកអូបាម៉ា។ ដូច្នេះ ទំនងជាលោកបៃដិន តឹងតែងជាងលោកត្រាំ ពីព្រោះលោកត្រាំ មិនសូវខ្វល់ខ្វាយរឿងប្រជាធិបតេយ្យ និងសិទ្ធិមនុស្សអ្វីឡើយ ប៉ុន្តែគិតតែរឿងលុយជាអាទិភាព។

សរុបសេចក្តីមក ទាំងលោកបៃដិន និងលោកត្រាំ មានចំណុចខ្លាំង-ខ្សោយ និងចំណេញ-ខាតរៀងៗខ្លួន គ្រាន់តែលោកត្រាំ មានចំណុចអវិជ្ជមានគ្រប់ដណ្តប់ចំណុចវិជ្ជមានច្រើនជាង។ ទោះជាយ៉ាងណា ចូរចងចាំថា ទោះឆ្មាសឬខ្មៅសុទ្ធតែចេះចាប់កណ្តុរ។ ក្នុងន័យនេះ ទោះលោកត្រាំ ឬលោកបៃដិន ជាប់ឆ្នោតជាប្រធានាធិបតី គឺសុទ្ធតែបំរើផលប្រយោជន៍សហរដ្ឋអាមេរិកទាំងអស់៕