កីឡាករ-កីឡាការិនី ដ៏ឆ្នើមក្នុងពាន “គរុគុណ” អាចមានឪកាសជាប់ជម្រេីសជាតិត្រៀមស៊ីហ្គេម !

btshotnews
ភ្នំពេញ៖ ការប្រកួតកីឡាប៉េតង់ពានរង្វាន់ «គរុគុណ» លើកទី១ ឆ្នាំ២០២០ បានបើកការប្រកួតផ្លូវការហើយ នៅថ្ងៃទី០៦ ខែវិច្ឆិកាឆ្នាំ២០២០នេះ នាពហុកីឡដ្ឋានជាតិ ស្របពេលលោក ស សុខា ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាបានអះអាងថា កីឡាករ-កីឡាការិនីឆ្នើម អាចនឹងត្រូវជ្រើសរើសបន្ថែមលើក្រុមជម្រើសជាតិ ត្រៀមការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។

ថ្លែងក្នុងពិធីបើកការប្រកួតខាងលើ លោក ស សុខា បានជំរុញ និងលើកទឹកចិត្តដល់កីឡាករ-កីឡាការិនីទាំងអស់ ត្រូវខិតខំប្រឹងប្រែងប្រកួតឲ្យអស់ពីសមត្ថភាព ហើយសហព័ន្ធនឹងរៀបចំក្រុមការងារបច្ចេកទេស ដើម្បីត្រួតពិនិត្យ និងតាមដានគុណផលរបស់កីឡាករ-កីឡាការិនីម្នាក់ៗក្នុងន័យស្វែងរកអ្នកមានសមត្ថភាព និងទេពកោសល្យល្អ មកប្រមូលផ្ដុំត្រៀមការប្រកួតអន្ដរជាតិនានា។

រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាដដែលបន្ដថា «ប្អូនៗមកទីនេះ សូមមេត្ដាពង្រឹងសមត្ថភាព ទោះទទួលបានជ័យជម្នះ មិនជ័យជម្នះក្នុងថ្ងៃនេះក្ដី ត្រូវតែខំប្រឹងបន្ថែមទៀត។ ក្នុងនោះក្រុមការងារ នឹងចាប់ផ្ដើមដើរ Noted (កំណត់) អ្នកដែលគួរសម អ្នកដែលគាត់លេងពូកែ ដើម្បីយកមកដាក់ ឬមួយរើសបន្ថែមលើក្រុមជម្រើសជាតិ ត្រៀមខ្លួនចូលរួមការប្រកួតកីឡាស៊ីហ្គេម»។

សូមជម្រាបថា ពានរង្វាន់ «គរុគុណ» លើកដំបូងនេះ រៀបចំឡើង ដើម្បីរម្លឹកគុណស្ថាបនិកកំពូលៗរបស់សហព័ន្ធ ២រូប គឺសម្ដេចក្រឡាហោម ស ខេង ប្រធានកិត្តិយសសហព័ន្ធ និងសម្ដេចវិបុលបញ្ញា សុខ អាន អតីតប្រធានសហព័ន្ធ។ ចំពោះការប្រកួតនឹងធ្វើឡើងរយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី០៦-០៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅពហុកីឡដ្ឋានជាតិ ដោយមានកីឡាករ-កីឡាការិនី ២៩២នាក់ មកពី ៥៨ក្លិបចូលរួម៕