ឧត្ដមសេនីយ៍ឯក ហ៊ិន ម៉ាណែត ចែកអាវរងា អំណោយដ៏ថ្លៃថ្លារបស់សម្ដេច តេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់កងកម្លាំងប្រដាប់អាវុធ ទិសយោធភូមិភាគទី១

btshotnews
ស្ទឹងត្រែង៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចែកអាវរងារ អំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់កងកម្លាំងប្រដាប់អាវុធទិសយោធភូមិភាគទី១ នៅទីបញ្ជាការកងពលតូចអន្តរាគមន៏លេខ១២៨ នៅខេត្តស្ទឹងត្រែង នាវេលាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ម្សិលមិញនេះ ។

នៅក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានផ្តាំផ្ញើសាកសួរសុខទុក្ខ និងនឹករលឹកពីសំណាក់សម្តេចតេជោ និងសម្តេចកិតិព្រឹទ្ធបណ្ឌិត ដែលសម្តេចទំាងពីរតែងយកចិត្តទុក ដាក់គិតគូរគ្រប់ពេលវេលាអំពីសុខទុក្ខរបស់បងប្អូនកងម្លាំងប្រដាប់អាវុធទាំងអស់ ដែលកំពុងឈរជើងបំពេញភារកិច្ចរបស់ខ្លូនយ៉ាងអង់អាចក្លាហានក្នុងការការពារបូរណភាពទឹកដី តាមខែ្សបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រយោធភូមិភាគទី១។

លោកឧត្តមសេនីយ៍ បានអំពាវនាវដល់កងទ័ពឲ្យបន្តរក្សាស្មារតីសេ្នហាជាតិ សាសនា ព្រះមហាក្សត្រ និងការពារសុខសន្តិភាពឲ្យបានស្ថិតស្ថេរយូរអង្វែង ហើយបន្តវេនពីមួយជំនាន់ទៅមួយជំនាន់ ដើម្បីថែរក្សានូវសមិទ្ធផលនានាដែលបុព្វបុរសជំនាន់មុនៗ បានបង្កើតនិងបន្សល់ទុកឲ្យជំនាន់ក្រោយ។ សុខសន្តិភាព ប្រៀបបានទៅនឹងខ្យល់ដង្ហើមដែលមនុស្សទាមទារជាចាំបាច់ ក្នុងការរស់រានមានជីវិត ព្រោះថា សង្គ្រាម ការបាក់បែក នឹងចូលខ្លួនមកជំនួសបើអវត្តមានសន្តិភាព ដូច្នេះសូមកងកម្លាំងប្រដាប់អាវុធដែលជាកម្លាំងជួរមុខ បន្តការពារ និងថែរក្សានូវសុខសន្តិភាព ដែលយើងមានសព្វថ្ងៃអោយបានគង់វង្ស។

លោកថា «ទោះបីជារាជដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជាយើងបានរក្សានូវប្រសិទ្ធភាពក្នុងការទប់ស្កាត់ និងកាត់បន្ថយអត្រានៃការរីករាលដាលរបស់ជម្ងឺរាតត្បាតកូវីដ១៩ ទូទាំងផ្ទៃប្រទេស យ៉ាងណាក៏ដោយ ក៏យើងនៅតែមិនអាចធ្វេសប្រហែសចំពោះជម្ងឺនេះទ្បើយ ព្រោះថា អត្រាកើនទ្បើននៃការរីកដាលនៅតាមបណ្តាប្រទេសនានានៅតែបន្ត ដោយសារកើតទ្បើងនូវភាពធូរ រលង់មួយរយៈពេលខ្លី។

ដូច្នេះហើយ សម្តេចតេជោបានអំពាវនាវដល់ប្រជាពលរដ្ឋក៏ដូចជាកងកម្លាំងប្រដាប់អាវុធទាំងអស់ សូមបន្តប្រុងប្រយ័ត្ន និងរឹតបន្តឹងការអនុវត្តនូវវិធានសុខាភិបាល ដោយយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារ និងថែរក្សាសុខភាពឲ្យបានល្អ ជាពិសេសនៅក្នុងរដូវត្រជាក់នេះ បើមានជម្ងឺផ្តាសាយកើតទ្បើង សូមធ្វើការរូតរះទៅមន្ទីពេទ្យ ដើម្បីចៀសវាងពីការឆ្លងដល់បុគ្គល ហើយចម្លងបន្តទៅអ្នកដទៃជុំវិញខ្លួន និងអង្គភាព ឬសហគមន៍ទាំងមូល។ ជម្ងឺនេះគឺជាគ្រោះថ្នាក់ចំពោះមុខ ហើយថែមទាំងបានគំរាមកំហែងដល់សន្តិសុខជាតិ និងអាយុជីវិតយើងនិងក្រុមគ្រួសារ ក៏ដូចជាជនរួមជាតិទាំងមូល ក្នុងន័យនេះសូមកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទចូលរួមសហការ និងបន្តចាត់វិធានការតឹងរ៉ឹងការពារមិនឲ្យ មានការរីករាលដាលកើតទ្បើង ដើម្បីធានាបាននូវសុវត្ថិភាពខ្ពស់ក្នុងប្រទេសរបស់យើង»។

ទន្ទឹមគ្នានេះដែរ លោកឧត្តមសេនីយ៍ បានអរគុណ និងកោតសរសើរចំពោះភាពអង់អាចក្លាហានរបស់បងប្អូនចំពោះការបំពេញភារកិច្ចជាយោធិន ក្នុងការការពារបូរណភាពទឹកដីដោយភាពសហការ អំណត់អត់ធន់ រួមជាមួយភាពម៉ឺម៉ាត់ក្នុងការដោះស្រាយនូវរាល់បញ្ហាប្រឈមនានា ធានាបាននូវសន្តិសុខ និងស្ថិរភាពជូនប្រជាពលរដ្ឋតាមបណ្តោយបន្ទាត់ព្រំដែន និងសូមកោតសរសើរចំពោះការ ការពារ មិនឲ្យមានការរីករាលដាលនូវជម្ងឺរាតត្បាតកូវីដ-១៩ក្នុងអង្គភាព និងគ្រួសាររបស់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់យើង៕