ក្រុមការងារចុះជួយស្រុកសង្គមថ្មី ខេត្តព្រះវិហារ នាំទេយ្យវត្ថុនិងបច្ច័យប្រគេនព្រះសង្ឃកំពុងធ្វេីចត្តាឡីស័ក រយៈពេល១៤ថ្ងៃ នៅតេជះរង្សី ហៅវត្តបឹងទទួល !
btshotnews
ព្រះវិហារ៖ លោក សំ លាងទ្រី ប្រធានក្រុមការងារខេត្តចុះជួយស្រុកសង្គមថ្មី ខេត្តព្រះវិហារ បានដឹកនាំក្រុមការងារ នាំយកនូវទេយ្យវត្ថុ គ្រឿងឧបភោគបរិភោគ និងបច្ច័យ ទៅប្រគេនព្រះសង្ឃកំពុងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅវត្តតេជះរង្សី ហៅវត្តបឹង ស្ថិតក្នុងភូមិប្រធាតុ ឃុំចម្រើន ស្រុកសង្គមថ្មី នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ម្សិលមិញ។
លោក សំ លាងទ្រី បានទូលថ្វាយព្រះតេជគុណគ្រប់ព្រះអង្គ ដែលកំពុងធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃនៅក្នុងវត្តបឹង ពីការគិតគូរយកចិត្តទុកដាក់ពីលោកទេសរដ្ឋមន្ត្រី មាស សុភា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះវិហារ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ ដែលជានិច្ចជាកាលតែងបានគិតគូរយកចិត្តទុកដាក់យ៉ាងខ្លាំង លើវិស័យពុទ្ធចក្រនិងអាណាចក្រ ក្នុងទិសដៅឱ្យវិស័យទាំងពីរនេះ នៅក្នុងខេត្តព្រះវិហារមានការអភិវឌ្ឍន៍រីកចម្រើន។
លោក សំ លាងទ្រី បានថ្លែងយ៉ាងដូច្នេះថា៖ «ក្នុងកាលៈទេសៈដែលប្រទេសនៅលើពិភពលោកទាំងមូលកំពុងឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ពិសេសប្រទេសកម្ពុជារបស់យើងដែលជំងឺកូវីដ១៩ កំពុងឆ្លងរាលដាល ចូលក្នុងសហគមន៍នោះ បានធ្វើឱ្យប៉ះពាល់ដល់ការប្រកបរបរទទួលទាន ក៏ដូចជាការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ដែលករណីនេះទាំងព្រះសង្ឃ និងប្រជាពុទ្ធបរស័ទទាំងអស់ត្រូវមានការប្រុងប្រយ័ត្ន ការពារកុំឱ្យឆ្លងជំងឺកូវីដ១៩ ដោយអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាល ៣កុំ និង៣ការពារ»។
ជាក់ស្តែងរយៈពេលថ្មីៗនេះ ខេត្តព្រះវិហារបានរកឃើញជំងឺកូវីដ១៩ ជាច្រើនករណី ក្នុងនោះរដ្ឋបាលខេត្តបានចេញសេចក្តីសម្រេច ធ្វើការបិទខ្ទប់បណ្តោះអាសន្នទីតាំង និងផ្ទះប្រជាពលរដ្ឋមួយចំនួន ដើម្បីការពារការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩។ ទីតាំងដែលបានបិទខ្ទប់ ក្រៅពីនៅក្រុងព្រះវិហារ និងតាមស្រុកនានា ក៏មាននៅស្រុកសង្គមថ្មី ដូចជាផ្សារស្រុកសង្គមថ្មី វត្តតេជះរង្សី ហៅវត្តបឹង និងផ្ទះប្រជាពលរដ្ឋមួយចំនួនទៀត។
ដោយមើលឃើញពីការលំបាករបស់ព្រះសង្ឃដែលគង់នៅវត្តបឹង ដែលកំពុងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃនេះ ក្រុមការងារខេត្តចុះជួយស្រុកសង្គមថ្មី និងក្រុមការងារស្រុក ដោយមានការចូលរួមពីលោក យិត ប៊ុណ្ណា រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូន បាននាំមកនូវទេយ្យវត្ថុ និងបច្ច័យមួយចំនួនមកប្រគេនព្រះសង្ឃរួមមាន៖ អង្ករ៥០០គីឡូក្រាម ទឹកសុទ្ធ១០កេស ទឹកក្រូច ៥កេស មី៨កេស ត្រីខ៥យួរ ទឹកត្រី១កេស ទឹកសុីអុីវ ១កេស អំបិល៥កីឡូក្រាម ប្រេងម៉ាស៊ូត១កាន ចង្ហាន់៤ស្រាក់ បច្ច័យ១លានរៀល និងទេយ្យវត្ថុជាច្រើនមុខទៀតផងដែរ៕