អ្នកសារព័ត៌មានម្នាក់ត្រូវបានជនមិនស្គាល់មុខ២នាក់ ជិះម៉ូតូមកកាប់ដល់ផ្ទះ ក្រោយរាយការណ៍ពាក់ព័ន្ធករណីគ្រឿងញៀន
btshotnews
ខេត្តបាត់ដំបង ៖ បុរសម្នាក់ដែលអះអាងថាខ្លួនជាអ្នកសារព័ត៌មានត្រូវបានជនមិនស្គាល់មុខចំនួន០២នាក់ជិះម៉ូតូទៅដេញកាប់ដល់ផ្ទះបណ្ដាលឲ្យរងរបួសពេញខ្លួន ក្រោយបានរាយការណ៍ទៅសមត្ថកិច្ចពាក់ព័ន្ធក្នុងករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន។
ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅវេលាម៉ោងជាង១១យប់ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ម្សិលមិញនេះ នៅក្នុងបរិវេណស្ថានីយរថភ្លើង ស្ថិតក្នុងសង្កាត់ទូលតាឯក ក្រុងបាត់ដំបង ដែលជនរងគ្រោះមានឈ្មោះ ជុំ សុត្រា ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរជាអ្នកសារព័ត៌មាននៅក្នុងអង្គភាព «ដំណឹងក្នុងស្រុក» រស់នៅចំណុចកើតហេតុខាងលើ។
ប្រភពពីជនរងគ្រោះខាងលើបានឲ្យដឹងថា នៅមុនពេលកើតហេតុបន្ទាប់ពីខ្លួនមកពីហូបចុកខាងក្រៅ ក៏ស្រាប់តែមានគេមកគុបដំបូលផ្ទះចំនួន០២ដងភ្លាមនោះខ្លួនក៏ចេញមកមើល ក្រោយមកក៏មានជនមិនស្គាល់មុខចំនួន០២នាក់បានជិះម៉ូតូម៉ាកឃ្លីកពណ៌ខ្មៅប្រើប្រាស់ដាវសាំម៉ូរ៉ៃចូលទៅកាប់គាត់ដល់ផ្ទះ បណ្ដាលឲ្យត្រូវរបួសជាច្រើនកន្លែងរួចពួកគេបានជិះគេចខ្លួនភ្លាមៗតែម្ដង ។
ជនរងគ្រោះដដែលបានបញ្ជាក់ថា ពាក់ព័ន្ធករណីជនមិនស្គាល់មុខមកកាប់គាត់នេះសង្ស័យផ្ដើមចេញពីរឿងគំនុំរវាងលោកជាមួយអ្នកគ្រឿងញៀន ពីព្រោះកាលពីជាងកន្លះខែមុន ខ្លួនបានរាយការណ៍ទាំងព័ត៌មានទាំងវត្ថុតាង និងសកម្មភាពពួកប្រើប្រាស់ថ្នាំញៀន និងអ្នកជួញដូរថ្នាំញៀនជូនលោកស្នងការខេត្ត ដែលកំពុងប្រព្រឹត្តបទល្មើសជាក់ស្ដែង នៅក្នុងស្ថានីយរថភ្លើង ដើម្បីឲ្យលោកជួយអន្តរាគមន៍ចុះបង្ក្រាប ហើយថ្ងៃបន្ទាប់មកក៏មានកម្លាំងសមត្ថកិច្ចចុះបង្ក្រាបនៅចំណុចភូមិសាស្ត្រខាងលើ ទើបក្រុមជនសង្ស័យមានការគុំគួនរហូតឈានមកដេញកាប់លោកដល់ផ្ទះតែម្តង។
ក្រោយកើតហេតុ នៅព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ជនរងគ្រោះដែលជាអ្នកសារព័ត៌មានបានទៅដាក់ពាក្យបណ្ដឹងនៅស្នងការដ្ឋាននគរបាលខេត្តដើម្បីស្វែងរកជនដៃដល់មកអនុវត្តន៍តាមផ្លូវច្បាប់៕