រដ្ឋបាលខេត្តកណ្តាលរៀបចំពិធីបិទបូកសរុបលទ្ធផលការងារ ចុះតាមដានត្រួតពិនិត្យ និងគាំទ្រដើម្បីពង្រឹងប្រសិទ្ធភាពការងាររបស់ប៉ុស្តិ៍នគរបាលរដ្ឋបាល

btshotnews
ខេត្តកណ្តាល÷ ឯកឧត្តម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្ដាល និងឯកឧត្តម ឧត្ដមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ នាថ្ងៃទី២៧ខែមីនាឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុង ពិធីបិទបូកសរុបលទ្ធផលការងារ ចុះតាមដានត្រួតពិនិត្យ និងគាំទ្រដើម្បីពង្រឹងប្រសិទ្ធភាពការងារប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំសង្កាត់ ក្នុងខេត្តកណ្ដាល ដោយមានការចូលរួមពីអាជ្ញាធរក្រុង-ស្រុកទាំង១៣ និងកងកម្លាំងទាំង០៣នឹងមន្រ្តីរាជការ មន្ទីរអង្កភាពពាក់ព័ន្ធប្រមាណ៣០០នាក់ផងដែរ។

សូមជម្រាបថា÷ក្នុងអង្កពិធីនេះ ឯកឧត្តម ឌឹម បូរ៉ា បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ក្នុងខេត្តកណ្តាល ដែលបានខិតខំរួមគ្នាយ៉ាងសកម្ម ក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន បានយ៉ាងល្អប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រហូតសម្រេចបាននូវសមិទ្ធផលជាច្រើន គួរជាទីមោទនៈ ជាពិសេសលទ្ធផលប្រឡងប្រណាំងឆ្នាំ២០២៣ លើការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ក្នុងនោះ ប្រភេទលេខ១ មាន ១១៣ ឃុំ-សង្កាត់ និងប្រភេទលេខ២ មាន១៤ ឃុំ-សង្កាត់នោះ។

សូមបញ្ចាក់ថា÷ ឯកឧត្តមអភិបាលរងខេត្ត បានបន្តថា ការខិតខំប្រឹងប្រែងរួមគ្នាយ៉ាងសកម្មរបស់កងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់នេះហើយ ទើបធ្វើឱ្យខេត្តកណ្ដាល មានសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈល្អ និងរក្សាបាននូវភាពសុខដុមរមនាជូនប្រជាពលរដ្ឋក្នុងការរស់នៅ និងប្រកបរបរផ្សេងៗជាប្រចាំថ្ងៃ នឹងជួយជំរុញដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ឱ្យកាន់តែរឹងមាំ ប្រកបដោយចីរភាព និងបរិយាបន្ន។

ប្រសាសន៍ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន ផ្ដាំផ្ញើដល់មន្ត្រីនគរបាលទាំងអស់ ត្រូវគោរពបទបញ្ជា គោរវិន័យរបស់កងកម្លាំង ហើយត្រូវបំពេញភារកិច្ចប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ ម៉ឺងម៉ាត់ តែទន់ភ្លន់។ លើសពីនេះ ត្រូវមានការសាមគ្គីភាពផ្ទៃក្នុង, មានស្មារតីទទួលខុសត្រូវខ្ពស់ ត្រូវតែមានការសហការធ្វើការជាក្រុម ដើម្បីឱ្យកិច្ចប្រតិបត្តិការទទួលបានជោគជ័យ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក បានជំរុញឱ្យមន្ដ្រីនគរបាលទាំងអស់ ត្រូវបន្ដចូលរួមទប់ស្កាត់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ជាពិសេសបទល្មើសគ្រឿងញៀន ដោយអនុវត្ដន៍ «៣កុំ ១រាយការណ៍» និងត្រូវអប់រំ ផ្សព្វផ្សាយដល់ក្រុមគ្រួសារ បងប្អូនញាតិមិត្ត អំពីគ្រោះថ្នាក់ និងផលប៉ះពាល់ធ្ងន់ធ្ងរនៃគ្រឿងញៀន ហើយត្រូវធ្វើជាគំរូល្អក្នុងការគោរពច្បាប់ចរាចរណ៍ផ្លូវគោកជាដើម។

បច្ចុប្បន្នខេត្តកណ្តាលមានប៉ុស្តិ៍នគរបាលរដ្ឋបាលសរុបចំនួន១២៧ ប៉ុស្តិ៍ ហើយចែកចេញជា ២ប្រភេទ ដោយប្រភេទទី១ មានកម្លាំងចាប់ពី ៨ដល់១២នាក់ ឥឡូវមានចំនួន ១២៣ប៉ុស្តិ៍ និងប្រភេទ២ មានកម្លាំងចាប់ពី ១៣ដល់ ១៨នាក់ ឥឡូវមានចំនួន ៤ប៉ុស្តិ៍៕