ទេសចរជាតិ និងអន្តរជាតិប្រមាណ ជិត៤០ម៉ឹននាក់មកសម្រាកកម្សាន្តនៅខេត្តកំពតក្នុងថ្ងៃទី២ នៃពីធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ

btshotnews
ខេត្តកំពត÷មន្ត្រីជំនាញបានបញ្ជាក់ថា: មកដល់ពេលនេះ ភ្ញៀវទេសចរនៅតែសម្រុកចូលមកលេងខេត្តកំពតកាន់តែច្រើន ខណៈដែលថ្ងៃទី១៤ ខែមេសាម្សិលមិញនិងថ្ងៃទី១៥នេះ ភ្ញៀវជាតិ និងអន្តរជាតិប្រមាណជិត ៤០ម៉ឺននាក់បានមកសម្រាក និងដើរលេងកម្សាន្ត។ ភ្ញៀវទេសចរបានបង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយដោយមើលឃើញថា: ការរៀបចំសង្ក្រាន្តឆ្នាំនេះ នៅគ្រប់បណ្តារាជធានីខេត្តធ្វើបានល្អ ដោយសារប្រទេសមានសុខសន្តិភាព ប្រជាពលរដ្ឋមានជិវភាពធូរធា ទើបមានលទ្ធភាពដើរលេងច្រើនយ៉ាងដូច្នេះ ។

ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានប្រាប់ឲ្យដឹងថា: ពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែឆ្នាំនេះ ខេត្តកំពតមានការរៀបចំបានល្អ ក្រៅអំពីមានសមទ្ធផលថ្មី  អាជ្ញាធរខេត្តបានរៀបចំតុបតែងធ្វើកំពតសង្ក្រាន្តបានល្អ ទាក់ភ្នែកធ្វើឲ្យទេសចរណ៍ ដែលបានឃើញតាមបណ្តាញផ្សព្វផ្សាយហើយ ចង់មកលេងផ្ទាល់។ លោកបានបញ្ជាក់ថា: មកដល់ពេលនេះ ភ្ញៀវទេសចរនៅតែបន្តសម្រុកចូលមកលេងខេត្តកំពតកាន់តែច្រើន ខណៈដែលកាលពីថ្ងៃទី១៤ ខែមេសាម្សិលមិញ ភ្ញៀវជាតិ និងអន្តរជាតិជិត ៤០ម៉ឺននាក់បានមកដើរលេងសម្រាកកម្សាន្ត ។ ចំពោះបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់មានភាពល្អប្រសើរ ពុំមានការកកស្ទះចរាចរណ៍ ឬបញ្ហាណាមួយទេកើតឡើងទេ ។ ចំពោះកន្លែងស្នាក់នៅ និងអាហារហូបចុក ពុំមានការតម្លើងថ្លៃទេ ហើយអាចឆ្លើយតបបាន ទៅតាមតម្រូវការភ្ញៀវ ។ ជារួមស្ថានភាពទេសចរនៅខេត្តកំពតល្អប្រសើរគ្មានអ្វីគួរឲ្យកក់សម្គាល់គេ ភ្ញៀវទេសចរជាតិនិងអន្តរជាតិសប្បាយខ្ញៀវខ្ញា ក្នុងការលេងល្បែងប្រជាប្រិយផ្សេងៗ និងការលេងបាញ់ទឹកជាដើម។

ទន្ទឹមគ្នានេះដែរ ភ្ញៀវទេសចរដែលបានមកលេងខេត្តកំពត បានបង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង និងបានបញ្ជាក់ថា: ខេត្តកំពតស្អាត មានកន្លែងដើរលេងច្រើន ហើយអាជ្ញាធររៀបចំកម្មវិធីកម្សាន្តសប្បាយផ្សេងៗបានល្អ  ចំណែកសន្តិសុខ សណ្តាប់ធ្នាប់ល្អ  កងកម្លាំងចាំជួយសម្រួលគ្រប់កន្លែង  ហើយអ្វីដែលថ្មីប្លែកនិងជាគោលដៅរបស់ភ្ញៀវមកកំពតក្នុងឆ្នាំនេះគឺរូបសំណាកសេះសមុទ្របាញ់ទឹក ។
ទេសចរថា ចំនួនភ្ញៀវទេសចរមកលេងខេត្តកំពតច្រើន ក៏ដោយសារប្រទេសមានសុខសន្តិភាព ពលរដ្ឋមានជីវភាពធូរធារ ទើបមានលទ្ធភាពដើរលេងច្រើន។ 

សម្រាប់ថ្ងៃទី៣នេះ បើតាមការរំពឺងទុករបស់មន្ត្រីជំនាញថា នឹងមានទេសចរមកលេងកំពតកាន់តែច្រើនបន្ថែមទៀត ខណៈដែលកម្មវិធីកម្សាន្តសប្បាយផ្សេងៗមានការលេងល្បែងប្រជាប្រិយផ្សេងៗ ការប្រគុំតន្ត្រីខ្នាតធំ មធ្យម  រហូតដល់ការរាំស្គរដៃនៅតាមបណ្តោយឆ្នេរ ត្រូវបានរៀបចំលេងចាប់ពីរនេះទៅជាបណ្តើរៗនោះ ៕