ក្រុមប្រឹក្សាធម្មនុញ្ញ សិក្ខាសាលាផ្សព្វផ្សាយស្តីពី “សមិទ្ធផលធម្មនុញ្ញសម្រេចបានក្នុងរយៈពេល៣០ឆ្នាំ”ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការរដ្ឋបាលខេត្តប៉ៃ លិន
btshotnews
ខេត្តប៉ៃ លិន៖ នៅសាលប្រជុំធំសាលាខេត្ត ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤ គណៈប្រតិភូក្រុមប្រឹក្សាធម្មនុញ្ញ បានអញ្ជើញធ្វើសិក្ខាសាលាផ្សព្វផ្សាយអំពី “សមិទ្ធផលធម្មនុញ្ញសម្រេចបានក្នុង រយៈពេល៣០ឆ្នាំ” ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិនីតិកោលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីធ្វើបទបង្ហាញជូនដល់ ឯកឧត្តម លោកជំទាវ លោកលោកស្រី ជាក្រុមប្រឹក្សាខេត្ត/ក្រុង/ស្រុក, គណៈអភិបាលខេត្ត/ក្រុង/ស្រុក, ប្រធានសាលាដំបូង, ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត, ស្នងការនគរបាលខេត្ត, មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត, មេបញ្ជាការកងរាជអាវុធខេត្ត, ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត រួមនឹងសមាសភាពពាក់ព័ន្ធ សរុបចំនួនជាង ២០០រូប។
លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា៖ ការរៀបចំសិក្ខាសាលា នាពេលនេះ នឹងបានជួយឱ្យថ្នាក់ដឹងនាំ និងមន្ត្រីរាជការ ទាំងអស់ក្នុងខេត្ត ធ្វើការស្វែងយល់បន្ថែមទៀតអំពីប្រវត្តិ គោលគំនិតសំខាន់ៗ ក៏ដូចជាចំណេះដឹងទូលំទូលាយ ពាក់ព័ន្ធនឹងសមិទ្ធផលធម្មនុញ្ញដែលព្រះរាជាណាចក្រកម្ពុជា សម្រេចបានក្នុងរយៈពេល ៣០ឆ្នាំកន្លងមកនេះ (២៤-កញ្ញា-១៩៩៣ ដល់ ២៤-កញ្ញា-២០២៣)។
លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ក៏បានដាក់ចេញនូវកម្មវិធីគោលនយោបាយអាទិភាព ចំនួន៦ និងវិធានការគន្លឹះ ចំនួន៥ សម្រាប់ដោះស្រាយអាទិភាពរបស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ដែលជាក្តីសង្ឃឹម និងការប្រាថ្នាចង់បាន របស់ប្រជាជនខ្មែរទូទាំងប្រទេស។
ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានមានប្រសាសន៍លើកឡើងថា៖ រដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ជារដ្ឋធម្មនុញ្ញមានលក្ខណៈប្រជាធិបតេយ្យជឿនលឿន ដែលបានកើតចេញពីឆន្ទៈរួមរបស់ប្រជារាស្រ្តខ្មែរគ្រប់និន្នាការនយោបាយ ដោយសភារដ្ឋធម្មនុញ្ញ បានតាក់តែងរក្សាឲ្យមានមកវិញនូវគុណតម្លៃប្រពៃណីខ្មែរ គឺ (ជាតិ សាសន៍ ព្រះមហាក្សត្រ) អមជាមួយគុណតម្លៃធម្មនុញ្ញទំនើបជាមូលដ្ឋានគ្រឹះ គឺ (ប្រជាធិបតេយ្យសិទ្ធិមនុស្ស នីតិរដ្ឋ) ដោយតាក់តែងបញ្ចូលទាំងស្រុងនិងដោយលម្អិតនូវខ្លឹមសារនៃឧបសម្ព័ន្ធទី៥ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ស្តីពី “គោលការណ៍នៃរដ្ឋធម្មនុញ្ញថ្មីរបស់កម្ពុជា”។
ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានប្រសាសន៍ឱ្យដឹងបន្ថែមទៀតថា៖ ក្នុងរយៈពេល ៣០ឆ្នាំកន្លងមកនេះ ក្រុមប្រឹក្សាធម្មនុញ្ញសម្រេចបាននូវសមិទ្ធផលជាច្រើន អាស្រ័យដោយមានការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត និងការទទួលខុសត្រូវខ្ពស់របស់ប្រធាន និងសមាជិក សមាជិកា ក្នុងអាណត្តិនីមួយៗ និងអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាធម្មនុញ្ញ ដែលបានរួមគ្នាលើកទិសដៅ និងអនុវត្តការងារ ដើម្បីសម្រេចសមត្ថកិច្ចដ៏ឧត្តុង្គឧត្តមបំផុតរបស់ក្រុមប្រឹក្សាធម្មនុញ្ញ គឺធានាការពារការគោរពរដ្ឋធម្មនុញ្ញ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការកសាងនីតិរដ្ឋ។
ក្នុងឱកាសនេះដែរ ឯកឧត្តមកិត្តិនីតិកោលបណ្ឌិត អ៊ឹម ឈុនលឹម និងប្រតិភូក្រុមប្រឹក្សាធម្មនុញ្ញ ក៍បានថតរូបអនុស្សាវរីយ៍ជាមួយអង្គសិក្ខាសាលា និងបានប្រគល់ជូននូវសៀវភៅរដ្ឋធម្មនុញ្ញ ជូនដល់រដ្ឋបាលខេត្តប៉ៃលិន ដើម្បីបានសិក្សាស្វែងយល់អោយកាន់តែច្បាស់បន្ថែមទៀត ពីខ្លឹមសារនៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាផងដែរ ៕