អភិបាលខេត្តប៉ៃ លិន ណែនាំដល់មន្ត្រីជំនាញពាក់ព័ន្ធត្រូវគ្រប់គ្រងដីចំណីផ្លូវ ចំណីអូ និងស្ទឹង ឱ្យបានច្បាស់លាស់ និងអប់រំប្រជាពលរដ្ឋឱ្យគោរពច្បាប់
btshotnews
ខេត្តប៉ៃ លិន៖ ក្នុងឱកាសអញ្ជើញដឹកនាំក្រុមការងារ ចុះពិនិត្យ និងទប់ស្កាត់ការរំលោភយកដីចំណីអូរ និងចំណីផ្លូវ ស្ថិតក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃ លិន នាថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃ លិន បានមានប្រសាសន៍ ណែនាំ ដល់ អាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ ត្រូវ គ្រប់គ្រង ដី ចំណី ផ្លូវ ចំណីអូ និងស្ទឹង ឱ្យ បាន ច្បាស់លាស់ ហើយត្រូវអប់រំ ប្រជាពលរដ្ឋ ឱ្យ គោរព ច្បាប់ ដោយចៀសវាង ការ យក ដី ចំណី ផ្លូវ ធ្វើ ជា កន្លែង រស់នៅ ឬ រកស៊ី ដែល ធ្វើឱ្យ មាន ការ ប៉ះពាល់ យូរអង្វែង ដល់ផលប្រយោជន៍សាធារណៈ។
លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិនលោករដ្ឋមន្រ្តី បានមានប្រសាសន៍លើកឡើងថា ៖ ក្រសួង សាធារណការ និង ដឹកជញ្ជូន ក៏បានរៀបចំអនុក្រឹត្យ ស្តីពីការងារគ្រប់គ្រងដីចំណីផ្លូវ ថ្នល់ និងផ្លូវរថភ្លើង ក្នុងគោលបំណង លុបបំបាត់បាតុភាពការទន្ទ្រានយកដីចំណីផ្លូវទៅធ្វើការកសាងសំណង់ ឬដាំដំណាំផ្សេងៗ សំដៅទប់ស្កាត់ឧបទ្ទវហេតុ គ្រោះថ្នាក់ចរាចរណ៍ និងការរក្សាសណ្តាប់ធ្នាប់សង្គម ដែលតែងតែកើតមាននៅតាមបណ្ដាញផ្លូវ ក៏ដូចជា កាត់បន្ថយ ឧបសគ្គ នានាដែលរាំងស្ទះដល់ការអភិវឌ្ឍផ្លូវ ហើយជាងនេះទៅទៀត ក៏សំដៅកាត់បន្ថយរាល់ការចំណាយ របស់រដ្ឋទៅ លើ ការដោះស្រាយផលប៉ះពាល់ផ្ទះសម្បែងប្រជាពលរដ្ឋ ដែលតាំងទីលំនៅតាមបណ្ដាញផ្លូវ បង្កលក្ខណៈងាយស្រួល ដល់ សមត្ថកិច្ចពាក់ព័ន្ធក្នុងការផ្ដល់ភាពស្របច្បាប់ដល់ប្រជាពលរដ្ឋ ដែលមានកម្មសិទ្ធិ នៅតាមបណ្ដាញផ្លូវ និងធានាការ អភិវឌ្ឍ វិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ប្រកបដោយនិរន្តរភាពនៅកម្ពុជា។
លោកជំទាវបណ្ឌិតអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ ការគ្រប់ គ្រង ដីចំណីផ្លូវ ចំណីអូ និងចំណីស្ទឹង នេះ សូមមន្ត្រីជំនាញ និងអាជ្ញាធរ ត្រូវធ្វើការបោះបង្គោលកំណត់ព្រំឱ្យច្បាស់ និង ដាំដើមឈើ ជាពិសេសគឺការអប់រំណែនាំ ដល់ប្រជាពលរដ្ឋឱ្យពួកគាត់បានយល់ដឹង ហើយប្រសិនបើមានសាង សង់ធ្វើផ្ទះ ឬធ្វើកន្លែងអាជីវកម្មផ្សេងៗ តម្រូវឱ្យសូម ច្បាប់សាងសង់ជាមុនសិន ជៀសវាងមានបញ្ហាប្រឈមុខនានា ដែលបណ្តាលឱ្យ ខាតពេលវេលា និងថវិកា ព្រមទាំងងាយ ស្រួលដល់មន្ត្រីជំនាញក្នុងការគ្រប់គ្រង។
សូមរំលឹកថា៖ កន្លងមក អាជ្ញាធរ និងមន្ត្រីជំនាញខេត្តប៉ៃលិន គ្រប់ជាន់ថ្នាក់ តែងតែ បាន ចុះ ប្រតិបត្តិការ រំដោះ ចំណីអូ ស្ទឹង និងចំណី ផ្លូវ សាធារណៈ ដែល បងប្អូន ប្រជាពលរដ្ឋ តែងតែ រំលោភ យក ទៅ ប្រកប អាជីវកម្ម ដើម្បី ប្រយោជន៍ ផ្ទាល់ ខ្លួនដែល ធ្វើ ឱ្យ ប៉ះពាល់ ដល់ សណ្តាប់ធ្នាប់ សាធារណៈ និង សោភ័ណភាព ហើយមិនតែ ប៉ុណ្ណោះ ការ បំពាន ដី ចំណីផ្លូវ ចំណីអូ និងស្ទឹងនេះ ក៏ ធ្វើឱ្យ រាំងស្ទះ ដល់គ ម្រោង អភិវឌ្ឍន៍ និង ពង្រីក ជាប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជាច្រើន ឱ្យ មាន ភាព យឺតយ៉ាវ និង ត្រូវ ចំណាយ លុយ រាប់ លាន ដុល្លារ ក្នុង ការ ដោះស្រាយ សំណង ដល់ ប្រជាពលរដ្ឋផងដែរ៕