អភិបាលខេត្តប៉ៃ លិន ចុះពិនិត្យ និងបានផ្តល់អំណោយសង្គ្រោះបន្ទាន់ ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងជាប់ព្រំដែនកម្ពុជា-ថៃ

btshotnews
ខេត្តប៉ៃ លិន៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មាធិការគ្រោះមហន្តរាយខេត្ត នាថ្ងៃទី១៩ខែតុលាឆ្នាំ២០២៤នេះបានដឹកនាំមន្ត្រីជំនាញ អាជ្ញាធរមូលដ្ឋាន និងក្រុមការងារ ចុះពិនិត្យផលប៉ះពាល់ និងផ្តល់អំណោយសង្គ្រោះបន្ទាន់ ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀង កាលពីល្ងាចថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ នៅភូមិផ្សាព្រំ(ចំណុចលូដាច់) ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ។

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃ លិន បានមានប្រសាសន៍លើកឡើងថា៖ ដោយសារប៉ុន្មានថ្ងៃនេះ មានភ្លៀងធ្លាក់ច្រើនថ្ងៃជាប់ៗគ្នា បានធ្វើឱ្យជន់លិចលំនៅដ្ឋាន របស់ប្រជាពលរដ្ឋ បណ្តាលអោយខូចខាតផលដំណាំ សម្ភារៈប្រើប្រាស់ សត្វចិញ្ចឹម និងហេដ្ឋារចនា សម្ព័ន្ធមួយចំនួនផងដែរ ដូច្នេះសូមអាជ្ញាធរមូលដ្ឋាន ត្រូវសហការជាមួយ អង្គភាពជំនាញ ពាក់ព័ន្ធ ជាពិសេសមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ត្រូវសិក្សារកទីតាំងរំដោះទឹកចេញ បើសិនជាជំនន់ ទឹកភ្លៀងមានស្ថានភាព មិនល្អ ព្រមទាំងធ្វើការជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។

នៅក្នុងឱកាសនោះ លោកជំទាវអភិបាលខេត្ត ក៍បានមានប្រសាសន៍អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់ នៅ តាមអូរព្រំដែន និងផ្នែកខាងក្រោម សូមមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលដែលមានភ្លៀងធ្លាក់ច្រើនថ្ងៃជាប់គ្នា ហើយបើមានបញ្ហាអ្វីកើតឡើង ត្រូវរាយការណ៍មកកាន់អាជ្ញាធរមូលដ្ឋានឱ្យបានទាន់ពេលវេលា ជាពិសេស ត្រូវយកចិត្តទុក្ខដាក់ ថែទាំសុខភាព និងរស់នៅប្រកបដោយអនាម័យ ដើម្បីជៀសវាងកើតមានជម្ងឺតម្កាត់ផ្សេងៗ។

សូមរំលឹកថា៖ ខេត្តប៉ៃ លិន តែងតែរងការលិចលង់ដោយសារជំនន់ទឹកភ្លៀងសឹងរាល់ឆ្នាំ នៅពេលមានភ្លៀងធ្លាក់ ខ្លាំងនៅលើភ្នំប៉ែកខាងលើ ហើយបច្ចុប្បន្ន អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់, គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្ត, សាខាកាកបាទក្រហមខេត្ត និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត កំពុងចុះសួរសុខទុក្ខ និងពិនិត្យមើល ផលប៉ះពាល់របស់ប្រជាពលរដ្ឋរងគ្រោះ ដើម្បីធ្វើការជួយសង្គ្រោះបានទាន់ពេលវេលា ៕