រថយន្តនីសាន់មួយគ្រឿងផ្ទុកដោយឈេីពេញត្រូវបានសមត្ថកិច្ចបង្ក្រាបនៅខេត្តសៀមរាប

សៀមរាប៖ កម្លាំងសមត្ថកិច្ចប្រឆាំងបទល្មើសខេត្តសៀមរាប បានស្ទាក់ចាប់រថយន្តកូរ៉េដឹកឈើពេញមួយគ្រឿងប្រគល់ឱ្យមេព្រៃខេត្តសៀមរាប។
ប្រតិបត្តិការចាប់រថយន្តដឹកឈើមួយគ្រឿងនេះធ្វើឡើងនាវេលាម៉ោង១០និង១៥ ព្រឹកថ្ងៃទី២៦ខែតុលាឆ្នាំ២០១៩ ម្សិលមិញ
ស្ថិតនៅក្នុងភូមិក្រោលសេះ សង្កាត់ស្វាយដង្គំ ក្រុងនិងខេត្តសៀមរាប។
ក្រុមសមត្ថកិច្ចនៅនឹងកន្លែងហេតុបានឲ្យដឹងថា ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋថា ឃើញរថយន្តកូរ៉េមួយគ្រឿងដឹកឈើពេញ ដោយសង្ស័យល្មើសច្បាប់ចូលដេប៉ូ ទើបកម្លាំងជំនាញ ចុះបង្ក្រាប នឹងធ្វើការឃាត់រថយន្ត ០១គ្រឿង ម៉ាកNISSAN ពណ៌ស លាយខៀវ គ្មានស្លាកលេខ ប្រភេទរថយន្តកែច្នៃ ចំណុះ១.៥តោន នៅក្នុងដេប៉ូ ០១កន្លែង ម្ចាស់ឈ្មោះ សៀម ស៊ុយ ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិសាស្ត្រ ភូមិក្រោលសេះ សង្កាត់ស្វាយដង្គំ ក្រុងនិងខេត្តសៀមរាប។
សមត្ថកិច្ចបានបន្តថា ក្នុងកិច្ចប្រតិបត្តិការនោះ សមត្ថកិច្ចចម្រុះ បាននាំយកវត្ថុតាងឈើ និង មធ្យោបាយដឹកជញ្ជូន មកធ្វើការរាប់ចំនួន និង វាស់វែង នៅស្នាក់ការរដ្ឋបាលព្រៃឈើបន្ទាយស្រី នៅភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី។ ជាលទ្ធផលគឺឈើអារប្រភេទលេខ១ ផ្ចិក ចំនួន ២១៤ដុំ =៥.០១០ម៉ែត្រគូប ចំពោះវត្ថុតាងនៃបទល្មើស សមត្ថកិច្ចជំនាញនឹងចាត់ការទៅតាមនីតិវិធីនៃ ច្បាប់ស្តីពី ព្រៃឈើ ៕ btshotnews