អាជ្ញាធរខេត្តពោធិ៍សាត់ គ្រោងនឹងបង្កើតផ្សាររាត្រី “ផ្សារវប្បធម៌” នៅត្រេីយខាងកើតនៃដងស្ទឹងពោធិ៍សាត់ទល់មុខវេទិកាអុំទូក
ពោធិ៍សាត់៖ អាជ្ញាធរខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន ដើម្បីកែលំអមុខមាត់ខេត្តពោធិ៍សាត់ឲ្យកាន់តែមានភាពទាក់ទាញ និងល្អប្រសើរបានមួយកម្រិតថែមទៀតនោះ លោកគ្រោងនឹងបង្កើតផ្សាររាត្រីថ្មីមួយ ដែលមានឈ្មោះថា «ផ្សារវប្បធម៌» នៅត្រើយខាងកើតនៃដងស្ទឹងពោធិ៍សាត់ ទល់មុខវេទិកាអុំទូក។ ផ្សាររាត្រីនេះ មិនត្រឹមតែជាកន្លែងទិញលក់ទំនិញ ឬរបស់របរអនុស្សាវរីយ៍ប៉ុណ្ណោះទេ ថែមទាំងជាកន្លែងបង្ហាញយ៉ាងច្បាស់ នូវផ្នត់គំនិត និងវប្បធម៌ជាតិរបស់យើងផងដែរ។
ការថ្លែងបែបនេះបានធ្វើឡើងនាព្រឹកថ្ងៃទី២៨ខែតុលាឆ្នាំ២០១៩ គ្រាដែលលោកចុះត្រួតពិនិត្យទីតាំងដោះស្រាយផលប៉ះពាល់ ជូនប្រជាពលរដ្ឋរស់នៅតាមមាត់ស្ទឹង ការរៀបចំសម្អាតបរិស្ថាន និងការតបណ្តាញភ្លើងព័ណ៌ ដើម្បីអបអរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក និងដើម្បីអបអរសាទរ ក្នុងព្រឹត្តការណ៍អុំទូក «ង» ខ្នាតអន្តរជាតិ ជាលើកទី២ នៅខេត្តពោធិ៍សាត់ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី០៧-០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ឆាប់ៗខាងមុខនេះ។
លោក ម៉ៅ ធនិន បានថ្លែងបន្ថែមថា លោករួមជាមួយសហការី នឹងចូលរួមសហការលើកស្ទួយកែលំអរក្រុងពោធិ៍សាត់ ឲ្យបានស្អាតទាំងអស់គ្នា ដើម្បីឈានទៅប្រកួតប្រជែងទីក្រុងស្អាត ជាមួយខេត្តក្រុងដទៃទៀត។ លោកអភិបាលខេត្ត ក៏បានឆ្លៀតឱកាសអំពាវនាវ ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមឲ្យបានច្រើនកុះករ ក្នុងព្រឹត្តការណ៍អុំទូក «ង» ខ្នាតអន្តរជាតិ ជាលើកទី២ នៅខេត្តពោធិ៍សាត់ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី០៧-០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ ដើម្បីបង្កើនភាពសប្បាយនៅក្នុងខេត្តរបស់យើង ឲ្យកាន់តែអធឹកអធមជាងឆ្នាំកន្លងទៅ។ ដោយឡែកនាថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ សូមប្រជាពលរដ្ឋ ចូលរួមហូបអំបុកសន្ដិភាពជាតិ ក្រោមពាក្យស្លោកថា «អំបុកខ្មែរថែជាតិ សាសនា និងព្រះមហាក្សត្រ»ទាំងអស់គ្នា។
ជាមួយនឹងសុខសន្តិភាព និងសមិទ្ធផលជាច្រើន ដែលលេចរូបរាងឡើងជាបន្តបន្ទាប់ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, ថ្មីៗនេះរដ្ឋបាលខេត្ត ក៏បានចាប់ដំណើរការ Wi-Fi សារធារណៈ ជូនប្រជាពលរដ្ឋប្រើប្រាស់ ដោយឥតគិតថ្លៃ នៅរ៉បសួនច្បារមាត់ស្ទឹង ទល់មុខសាលាខេត្តពោធិ៍សាត់៕