អាជ្ញាធរខេត្តកំពង់ចាម ចុះត្រួតពិនិត្យកងកម្លាំងនគរបាលដេីម្បីត្រៀមការពារសន្តិសុខជូនពលរដ្ឋនៅតាមមូលដ្ឋាន

កំពង់ចាម៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានចុះត្រួតពិនិត្យកងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ការចុះត្រួតពិនិត្យកងកម្លាំងនគរបាល បានធ្វើឡើងនាព្រឹកថ្ងៃទី២៩ខែតុលាឆ្នាំ២០១៩ នេះ ខណៈកំពុងហាត់ហ្វឹកហ្វឺនរំលឹកឡើងវិញនូវមុខជំនាញ ក្នុងការចុះអន្តរាគមន៍ថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន។
លោក អ៊ុន ចាន់ដា បានថ្លែង ក្នុងគ្រានោះថា វគ្គហ្វឹកហ្វឺនរបស់កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមនាពេលនេះ គឺធ្វើឡើងគ្រាន់តែរំលឹកនូវអ្វីដែលកងកម្លាំង បានហ្វឹកហាត់ពីមុនមក ហើយក៏អាចហៅថា ជាវគ្គបំប៉នផ្ដល់មុខជំនាញបន្ថែមថ្មី ទៅតាមគោលការណ៍ណែនាំ របស់អគ្គស្នងការនគរបាលជាតិ ដើម្បីឱ្យកងកម្លាំងមានគោលជំហរ និងទឹកចិត្តក្លៀវក្លាមោះមុត ក្នុងការបំពេញភារកិច្ច ដើម្បីការពារបាននូវសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈជូនដល់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព។
លោកអភិបាលខេត្ត បានថ្លែងបន្តថា កម្លាំងនគរបាលជាតិ គឺជាមន្ត្រីអនុវត្តន៍ច្បាប់ ហើយប្រការសំខាន់ របស់កម្លាំងសមត្ថកិច្ចធាតុផ្សំដែលអាច សម្រេចភារកិច្ច គឺកម្លាំងយើងត្រូវមានកាយសម្បទារឹងមាំ និងទឹកចិត្តក្លៀវក្លាមុះមុត ទើបឈានទៅសម្រេចបានគោលដៅ ដែលអង្គភាពបានសម្រេច ហើយកម្លាំងសមត្ថកិច្ច ក៏បានទទួលមកវិញនូវការអបអរសាទររពីសំណាក់ប្រជាពលរដ្ឋ ចំពោះសកម្មភាពការបំពេញការងារ របស់កម្លាំងសមត្ថកិច្ចជំនាញ ប្រកបដោយការទទួលខុសត្រូវ។
លោក អភិបាលខេត្តបានថ្លែងបន្តទៀតថា សកម្មភាពនៃការហ្វឹកហ្វឺននេះដែរ សមត្ថកិច្ចយើងត្រូវធ្វើជាប្រចាំមានលក្ខណៈវិលជុំនៅក្នុងក្របខណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម និងអធិការដ្ឋានគរបាលនៅតាមក្រុង-ស្រុក ទៀតផង៕